Connect with us

ឆ្នាំ២០១៨ អ្នកដំណើរជាង១០លាននាក់ ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា

ភ្នំពេញ ៖ អ្នកដំណើរជាង ១០លាននាក់ បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨នេះ ដែលមានការកើនឡើងជាង ២លាននាក់ ធៀបនឹងឆ្នាំ២០១៧ ។  អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អា​កាសយានដ្ឋានអន្តរជាតិសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ។

ក្នុងពិធីអបអរសាទរទទួលបានអ្នកដំណើរ ដែលប្រារព្ធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Eric Delobel នា​យកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានថ្លែងថា នេះជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលបានបម្រើសេវាកម្មជូនអ្នកដំណើរចំនួន ១០លាន​នាក់ សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលនេះជាកំណត់ត្រាដំបូងបំផុត គឺមានការកើនឡើងចំនួន២លាននាក់ ធៀបនឹងឆ្នាំ២០១៧ ដែលមានតែ៨លាននាក់ប៉ុណ្ណោះ ។

លោកបានបន្តថា នៅឆ្នាំ១៩៩៥ ពេលក្រុមហ៊ុន Cambodia Airport ត្រូវបានផ្តល់ការទុកចិត្តឱ្យអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមានអ្នកដំណើរប្រមាណតែ៥០ម៉ឺននាក់ ដែលតិចជាង ២០ដង បើធៀបនឹងបច្ចុប្បន្ន។

លោក Eric Delobel លើកឡើងថា ចំនួនអ្នកដំណើរមានការកើនឡើងនេះ ដោយមានការចូលរួមចំណែកពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍, រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល, គយ និងរដ្ឋាករ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភ្នាក់ងារឯកជន ដែលតែងតែគាំទ្រ និងសហការគ្នាក្នុងការ​បង្កើតបទដ្ឋានស្តង់ដា ជាពិសេសទាក់ទងនឹងសន្តិសុខសុវត្ថិភាព និងការគាំពារបរិស្ថាន។

លោក Eric Delobel បានបញ្ជាក់ថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិទាំង៣ កំពុងបម្រើសេវាកម្មជាង៦០ គោលដៅនៅទូទាំងពិភពលោក ធ្វើយ៉ាងណាឱ្យមានអ្នកដំណើរឆ្លងកាត់បានច្រើន និង មានកិច្ចពិភាក្សាជាប្រចាំជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិទាំង៣ ក្លាយជាប្រតិបត្តិករ ដែលទុកចិត្តបានសម្រាប់បម្រើសេវាកម្មជូនដល់អ្នកដំណើរ ។

បើតាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា នៅក្រោយឆ្នាំ២០២៥ អាកាសយានដ្ឋានបច្ចុប្បន្នទាំង៣ នឹងអស់សមត្ថភាព ក្នុងការទទួលអ្នកដំណើរហើយ ព្រោះកម្ពុជា អាចនឹងឈានដល់ទទួលភ្ញៀវទេសចរ លើស១២លាននាក់ ។

ដោយសារតែកំណើនភ្ញៀវទេសចរ ដែលមកទស្សនាប្រទេសកម្ពុជាមានកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ទើបចាំបាច់តម្រូវអោយរាជរដ្ឋាភិបាលធ្វើការសាងសង់អាកាសយានដ្ឋានថ្មី ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។ សម្រាប់អាកាសយានដ្ឋានកងកេងខេត្តព្រះសីហនុ នឹងត្រូវពង្រីកទាំងផ្លូវចុះ ក៏ដូចជាផ្នែកដទៃទៀត ដែលអាចឈានដល់ក្នុង១ឆ្នាំទទួល ៣លាននាក់ នៅក្រុងព្រះសីហនុ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម