Connect with us

រាជរដ្ឋាភិបាល កំពុងរកដៃគូរវិនិយោគលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងតម្លៃទុនជិត ៤ពាន់លានដុល្លារ

ភ្នំពេញ ៖ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងនឹងចំ​ណាយថវិកាសាងសង់អស់ប្រមាណ ៣៨០០លានដុល្លារ ត្រូវបានបញ្ចប់ការសិក្សារួចរាល់ហើយ ប៉ុន្តែពេលវេលានៃការសាងសង់ មិនទាន់កំណត់នៅឡើយ ដោយសារតែការចំណាយមានទំហំធំពេក ហើយរាជរដ្ឋាភិបាលកំពុងតែរកដៃគូឯកជនវិនិយោគលើគម្រោងផ្លូវនេះ ។

ការសិក្សាគម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យទីភ្នាក់ងារសហប្រតិ  ​បត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) ធ្វើការសិក្សា ដែលមានចម្ងាយផ្លូវប្រវែង ១៦០គីឡូម៉ែត្រ ពីភ្នំពេញទៅក្រុងបាវិត​ ខេត្តស្វាយរៀង។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា មូលហេតុដែលនាំឲ្យការចំណាយទៅលើការស្ថាបនាផ្លូវល្បឿនលឿននេះអស់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយសារតែផ្លូវដែលត្រូវសាងសង់ គឺមានលិចទឹក ហើយកាត់តាមបឹង ឬ តំបន់លិចទឹកជាច្រើន ដែលមានប្រវែងរហូតដល់ ៨០គីឡូម៉ែត្រ ទើបធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន ។

លោក រដ្ឋមន្រ្តី បានលើកឡើងថា បើប្រៀបធៀបទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ពីរាជធា​នីភ្នំពេញ ទៅខេត្ដព្រះសីហនុ ដែលមានប្រវែង ១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិកា ប្រមាណតែ ២០០០លានដុល្លារប៉ុណ្ណោះ ដោយសារផ្លូវនេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬ តំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញ ទៅបាវិត ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា ដោយសារតែ​ទំហំទឹកប្រាក់ក្នុងការចំណាយសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ គឺមានចំនួនច្រើនពេកនោះ រាជរដ្ឋាភិបាលមិនទាន់សម្រេចធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ។

ជាមួយគ្នានេះដែរសម្រាប់ផ្លូវជាតិ​លេខ១ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យអង្គការJICA ធ្វើការ​​សិក្សាដើម្បីពង្រីកបន្ថែមឱ្យបានធំទូលាយក្នុងការ​ចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ជាពិសេសរថយន្ដដឹកជញ្ជូនទំនិញឆ្លងកាត់តាមផ្លូវនេះ ។បើតាមរដ្ឋមន្រ្ដីសាធារណៈការ ក្រៅពីការសិក្សាផ្លូវជាតិលេខ១អង្គការ JICA ក៏កំពុង​សិក្សានៅក្នុងរាជធានី​ភ្នំពេញដែលនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ខាងមុខ ដើម្បីសាងសង់ផ្លូវរថ​ភ្លើង​លើអាកាសកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ។ តាមការប៉ាន់ស្មានការសាងសង់ផ្លូវរថភ្លើងលើអាកាសនេះ គឺមានតម្លៃថ្លៃណាស់ ពោល គឺក្នុងចម្ងាយផ្លូវប្រវែង១៨គីឡូម៉ែត្រ ត្រូវចំណាយថវិកា​ប្រមាណ១២០០លានដុល្លារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម