Connect with us

អាជ្ញាធរក្រុង និង មន្ទីរសាធារណការ រុញដាក់គ្នា រឿងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកជ្រោះមនោរម្យ ដែលកំពុងរងការខូចខាត

ខេត្តមណ្ឌលគីរី ៖ កំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលបំបែកឆ្ពោះទៅរមណីដ្ឋានទឹកជ្រោះមនោរម្យ ឬ ហៅថា ទឹកជ្រោះដំណាក់ស្ដេច ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បាននិងកំពុងរងការខូចខាតជាច្រើនឆ្នាំមកហើយ ខណៈអាជ្ញាធរខេត្ត ជាពិសេសមន្ទីរជំនាញ និង អាជ្ញាធរមូលដ្ឋាន នៅមិនទាន់ឃើញមានការជួសជុលនោះទេ ។ កត្តានេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលសម្រុកមកលេងកម្សាន្តនៅគោលដៅទេសចរណ៍នេះ ជួបការលំបាកជាខ្លាំង និង អាចប្រឈមជាមួយគ្រោះថ្នាក់ទៀតផង ក្នុងពេលធ្វើដំណើរឆ្លងកាត់ ។

ចំណុចដែលកំពុងរងការខូចខាតលើកំណាត់ផ្លូវឆ្ពោះចូលរមណីដ្ឋានទឹកជ្រោះដំណាក់ស្ដេចនេះ គឺមានប្រវែងប្រហែល១គីឡូម៉ែត្រ ដោយតួផ្លូវ មានផ្នែកខ្លះ បានកើតជាជង្ហុកតូចៗជាច្រើន និងមានទួលចំណោទមួយរងការខូចខាតទាំងស្រុងតែម្ដង ដែលចំណុចនេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលប្រជាពលរដ្ឋ ឬ ភ្ញៀវទេសចរបើករថយន្តឆ្លងកាត់ ព្រោះស្ថិតនៅទីទួលខ្ពស់ ។

ពលរដ្ឋដែលរស់នៅអមសងផ្លូវបានរៀបរាប់ថា ផ្លូវមួយខ្សែនេះ បានខូចខាតប្រហែល៣ឆ្នាំមកហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ជាពិសេស គឺភ្ញៀវទេសចរតែម្ដង ដោយមានពេលខ្លះភ្ញៀវទេសចរដែលមកកម្សាន្តនៅទឹកជ្រោះមួយនេះ ត្រូវឈប់រថយន្តនៅខាងលើទីទួល និង ត្រូវដើរចុះមកក្រោមទៅកាន់រមណីយដ្ឋាន ដែលមានប្រវែងផ្លូវឆ្ងាយគួរសមដែរ ។ ជាង នេះទៅទៀត កាលពីឆ្នាំមុន ត្រង់ចំណុចនោះ ក៏ធ្លាប់មានរថយន្តរបស់ភ្ញៀវទេសចរក្រឡាប់ដែរ ដោយសារឡើងចំណោទដែលកំពុងខូចខាតយ៉ាងដំណំនោះមិនរួច ធ្វើឲ្យរថយន្តរអិលថយក្រោយវិញក្រឡាប់តែម្ដង ។

ពលរដ្ឋ ក៏បានសំណូមដល់អាជ្ញាធរខេត្តមណ្ឌលគិរី ឲ្យជួយជួសជុលកែសម្រួលផ្លូវមួយខ្សែនេះឲ្យល្អវិញផង ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានធ្វើដំណើរឆ្លងកាត់ស្រួលជាងនេះ ។

ពាក់ព័ន្ធនិងបញ្ហានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក ម៉ៅ ធនរក្ស បានថ្លែងប្រាប់ថា  មន្ទីរសាធារណការ និងដឹកជញ្ជូន មានលទ្ធភាពប្រើប្រាស់កញ្ចប់ថវិកាជាតិ ស្ថាបនា ឬជួសជុល សម្រាប់តែផ្លូវជាតិ ឬផ្លូវឆ្លងកាត់ខេត្តធំៗប៉ុណ្ណោះ ។ សម្រាប់ផ្លូវតូចៗក្នុងក្រុង គឺ ថ្នាក់ជាតិប្រគល់ឲ្យអាជ្ញាធរក្រុង ជាអ្នកគ្រប់គ្រងថែទាំ។

ទាក់ទិននឹងបញ្ហានេះលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានថ្លែងដែរថា ការងារនេះ គឺអាជ្ញាធរក្រុងសែនមនោរម្យនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត រួមជាមួយរដ្ឋបាលសាលាខេត្ត ធ្លាប់បានពិភាក្សាគ្នាលើកយកដាក់ក្នុងផែនការប្រចាំឆ្នាំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីដែរដោយមន្ទីរជំនាញជាអ្នកជួសជុលឡើងវិញ ។ ប៉ុន្តែក្នុងករណីដែលមន្ទីរសាធារណៈការរុញមកឲ្យអាជ្ញាធរក្រុងសែនមនោរម្យជាអ្នកទទួលបន្ទុក រដ្ឋបាលក្រុង នឹងពិភាក្សាជាមួយរដ្ឋបាលសាលាខេត្តម្ដងទៀតដើម្បីរកកញ្ចប់ថវិកាជួសជុល ឬ ស្ថាបនាផ្លូវមួយខ្សែឡើងវិញ នៅដើមឆ្នាំ២០១៩ខាងមុខ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម