ដោយសារតែការផ្សារដែកជួសជុល ធ្វើអោយឆេះរោងម៉ាស៊ីនកិនស្រូវ ស្លាប់មនុស្ស២នាក់
ខេត្តកំពង់ស្ពឺ ៖ កម្ទេចភ្លើងពីការផ្សារដែក ត្រូវបានគេសង្ស័យថា ជាមូលហេតុចម្បងក្នុងការបង្ក អោយមានអគ្គិភ័យឆាបឆេះរោងម៉ាស៊ីនកិនស្រូវដ៏ធំ នៅខេត្តកំពង់ស្ពឺ ដែលបង្កអោយកម្មករ២ នាក់ បានស្លាប់ និង ៤នាក់ រងរបួសធ្ងន់ ។
អគ្គិភ័យ បានកើតឡើងនៅរសៀលថ្ងៃម្សិលម៉ិញនៅរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន ហ្គោលឌិនរ៉ាយ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥១ ក្នុងភូមិតាឡក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍ពីនគរបាលបានអោយដឹងថា ករណីឆេះនៅរោងម៉ាស៊ីនកិនស្រូវនេះ បាន បណ្តាលឱ្យមនុស្សស្លាប់២នាក់ និង រងរបួសចំនួន៤នាក់ ។ មូលហេតុនៃការឆេះ គឺសង្ស័យថា បណ្តាលមកពីជាងផ្សារដែក ជួសជុលឡសម្ងួតស្រូវ មិនប្រុងប្រយ័ត្ន បានធ្លាក់កម្ទេចភ្លើងមកលើឡសម្ងួត រួចក៍ផ្ទុះ បណ្តាលឱ្យឆេះតែម្តង ។
ទោះយ៉ាងណា សមត្ថកិច្ចជំនាញ កំពុងបន្តធ្វើការស្រាវជ្រាវទៅលើមូលហេតុនៃការឆាបឆេះនេះ ខណៈដែលរោងម៉ាស៊ីននេះ នៅឆ្នាំ ២០១៧ កន្លងទៅ ក៏ធ្លាប់មានគ្រោះអគ្គិភ័យម្តងរួចហើយដែរ ប៉ុន្ដែមិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ ។
គួររំលឹកថា រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន ហ្គោលឌិនរ៉ាយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ដែលជារោងម៉ាស៊ីនកិនស្រូវធំ ដែលអាចមានសមត្ថភាពទទួលកិនស្រូវប្រមាណ២សែនតោន ក្នុងមួយឆ្នាំ ។ សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានឆេះឡសម្ងួតស្រូវចំនួន២កន្លែង ក្នុងរោងម៉ាស៊ីនកិនស្រូវ ដោយក្នុង១ឡសម្ងួត ស្តុបស្រូវចំនួន៤០តោន។ យ៉ាងណា ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវមិនទាន់ចេញព័ត៌មានផ្លូវការណ៍ណាមួយពាក់ព័ន្ធនឹងទំហំនៃការខូចខាត ដែលបណ្តាលមកពីអគ្គិភ័យនេះនៅឡើយនោះទេ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍