Connect with us

ស្ថាប័នសារព័ត៌មាននានានៅកម្ពុជា ពិភាក្សាពីការពង្រឹងវិជ្ជាជីវៈ សារព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ តំណាងស្ថាប័នសារព័ត៌មាននានា ក្នុងប្រទេសកម្ពុជា ផ្តើមការពិភាក្សាពីការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៥ ដែលជាវេទិកាប្រចាំឆ្នាំ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ។

បើតាមប្រធានក្លិបអ្នកកាសែតកម្ពុជា បានអោយដឹងថា វេទិកានេះ នឹងផ្តល់អោយតំណាងស្ថាប័ន សារព័ត៌មានទាំងអស់ ធ្វើការជជែកពិភាក្សាគ្នាទៅលើការពង្រឹងតួនាទីសារព័ត៌មានអាជីព ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាប្រធានបទក្តៅគគុក មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែជាប្រធានបទក្តៅគគុកសម្រាប់ពិភពលោក ។

លោក បានលើកឡើងថា ព័ត៌មានក្លែងក្លាយ កំពុងបង្កបរិយាកាសអាប់អួរយ៉ាងខ្លាំងដល់សង្គម ហើយដែលបានធ្វើអោយប៉ះពាល់ដល់ជំនឿរបស់មហាជនទៅលើសារព័ត៌មានអាជីព ។

លោកប្រធានក្លិប បានបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចពិភាក្សា វេទិកានេះ នឹងមានចេញនូវសេចក្តីថ្លែងការណ៍រួម ដើម្បីការពារតម្លៃសារព័ត៌មានអាជីព និងរក្សាឲ្យបាននូវទំនុកចិត្តរបស់មហាជនទៅលើសារព័ត៌មានអាជីព។

សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៨នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចេញនូវសារលិខិតគាំទ្រចំពោះប្រធានបទនៃការពិភាក្សា ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា និងសកលលោកទាំងមូល កំពុងតែប្រឈម និង    ផ្តោត​ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ នៅតាមប្រព័ន្ធផ្សព្វ​ផ្សាយនានា ជាពិសេសតាមបណ្តាញទំនាក់ទំនងសង្គម ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និង កំពុងពេញនិយម នាពេលបច្ចុប្បន្ន បានធ្វើអោយពិភពលោកមានភាពចលាចល ច្របូកច្របល់ និងកំពុងជួប្រទះបញ្ហាអសន្តិសុខដ៏គួរអោយព្រួយបារម្ភ ។

តាមរយៈសារលិខិត សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកសារព័ត៌​មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តអោយបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់រដ្ឋ និង ជៀស​វាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ឬ ព័ត៌មានតែមួយជ្រុង ឬ ដោយសារតែគំនុំ ដោយពុំគិតពីក្បួនខ្នាតក្រឹតក្រមនៃសារព័ត៌មាន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម