Connect with us

រាជរដ្ឋាភិបាល កាត់បន្ថយថ្លៃអគ្គិសនីដល់រោងចក្រកាត់ដេរ ជាថ្នូរនឹងការបន្ថែមប្រាក់ឈ្នួល

ភ្នំពេញ ៖ នៅសល់ជាង១សប្តាហ៍ទៀតប៉ុណ្ណោះ ឆ្នាំ២០១៩ នឹងចូលមកដល់ ពេលនោះប្រាក់ឈ្នួលរបស់កម្មករនិយោជិត នឹងឡើងរហូតដល់១៨២ដុល្លារ ក្នុងមួយខែ ដោយឡើងពី១៧០ដុល្លារក្នុង១ខែ ក្នុងឆ្នាំ២០១៨។

ថ្លែងនៅក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ កាលពីដើមសប្តាហ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ថៅកែ ឬ និយោជក បានពង្រឹងការផ្តល់ជូនកម្មករនិយោជិត នូវប្រាក់បៀវត្សរ៍ត្រឹម១៧៧ដុល្លារប៉ុណ្ណោះក្នុង១ខែ សម្រាប់ឆ្នាំ២០១៩ ។ ប៉ុន្តែភាគីថៅកែ បានសុខចិត្តបន្ថែម ៥ដុល្លារពីលើកាសម្រេចនោះ នៅពេលដែលសម្តេចតេជោ ហ៊ុន សែន បានសុខចិត្តបញ្ចុះថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្មរោងចក្រកាត់ដេរ និង ដេរស្បែកជើង មកនៅត្រឹម ០,១៤.៧០សេន ក្នុង១គីឡូវ៉ាតម៉ោងនៅឆ្នាំ២០១៩ និង ចុះនៅត្រឹម០,១៤.៦០សេន ក្នុង១គីឡូវ៉ាតម៉ោងនៅឆ្នាំ២០២០ ។

យោងតាមសមាគមរោងចក្រកាត់ដេរកម្ពុជា កម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌ និងដេរស្បែក​ជើង មានប្រមាណ៩០ម៉ឺននាក់ នាពេលបច្ចុប្បន្ន។ កាលពីឆ្នាំ២០១៧ វិស័យវាយនភ័ណ្ឌ និង ដេរស្បែកជើង បាននាំចេញ ដែលស្មើតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក ។

តាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន​ សែន បានឲ្យដឹងថា ការដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មកររោងចក្រកាត់ដេរ រាជរដ្ឋាភិបាល បានខិតខំយ៉ាងខ្លាំង ក្នុងការសម្របសម្រួលជាមួយភាគីរោងចក្រ និង តួអង្គពាក់ព័ន្ធ ជាពិសេស បានរួមចំណែកផ្តល់វិភាគទាន ប្រមាណជាង ៤០លានដុល្លារ សម្រាប់ឆ្នាំនេះ និង ជាង ៨០លានដុល្លារ សម្រាប់ឆ្នាំ ២០១៩ តាមរយៈការបន្ថយពន្ធលើប្រាក់ចំណេញ និង ទម្លាក់ថ្លៃអគ្គិសនី ជូនដល់រោងចក្រកាត់ដេរ និង ស្បែកជើង។

សូមរម្លឹកថា ដោយសារតែស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដែលជាទំនប់វារីអគ្គិសនីធំជាងគេនៅកម្ពុជា បានដំណើរការពេញលេញនៅដើមសប្តាហ៍នេះ បានធ្វើអោយរាជរដ្ឋាភិបាល មាន លទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ និងផែនការនៃការបញ្ចុះតម្លៃអគ្គិសនីពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការទម្លាក់ថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាលនេះ គឺធ្វើពិតប្រាកដមិនមែនជាការសន្យាខ្យល់នោះទេ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រើសើរឡើង។ ចាប់ពីឆ្នាំ២០១៩ តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងប្រទេសកម្ពុជានឹងត្រូវបញ្ចុះថ្លៃ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម