វេទិកានិពន្ធនាយក ឆ្នាំ២០១៨ ចេញសេចក្តីថ្លែងការណ៍រួម ១២ចំណុច ដើម្បីពង្រឹងតួនាទីសារព័ត៌មានអាជីព ប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៨ បានឯកភាពចេញសេចក្តីថ្លែងការណ៍រួម ដែលមាន១២ ចំណុច ពង្រឹងតួនាទីសារព័ត៌មានអាជីព ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ។
វេទិកាប្រចាំឆ្នាំនេះ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ២១ ខែធ្នូនេះ ដោយមានការចូលរួមពីតំណាងស្ថាប័នសារព័ត៌មានចំនួន ៦៣នាក់ ។
យោងតាមសេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក ឆ្នាំ២០១៨ បង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ទាំងអស់ និងប្តេជ្ញាចូលរួមបន្សាបព័ត៌មានក្លែងបន្លំទាំងនោះ តាមគ្រប់រូបភាពដែលអាចធ្វើបាន។ ជាមួយនេះ សារព័ត៌មានអាជីព នឹងដើរតួនាទី ជាអ្នកអប់រំប្រជាពលរដ្ឋ អំពីព័ត៌មានក្លែងក្លាយដើម្បីឲ្យពួកគាត់ចេះប្រុងប្រយ័ត្ន ចេះផ្ទៀងផ្ទាត់ និងចេះចោទជាសំណួរចំពោះខ្លួនឯងថា តើនោះជាព័ត៌មានពិតឬទេ?
ជាមួយនេះ ក្លិបអ្នកកាសែតកម្ពុជា ក៏ដូចជាសមាគមអ្នកសារព័ត៌មានផ្សេងទៀត នឹងដើរតួនាទីសំខាន់ ក្នុងការធ្វើសកម្មភាពប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ តាមរយៈការលើកប្រធានបទនេះមកពិភាក្សាជាញឹកញាប់ ដើម្បីឲ្យអ្នកសារព័ត៌មាន ក៏ដូចជាមហាជនទូទៅទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងព័ត៌មានក្លែងក្លាយ ក៏ដូចជាវិធីសាស្ត្រដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ។
ក្រៅពីនេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមពិចារណាឲ្យបានល្អិតល្អន់មុននឹងដាក់ចិត្តជឿលើព័ត៌មានណាមួយដោយត្រូវពិនិត្យមើលថា តើមានប្រភពច្បាស់លាស់ឬទេ? មានសម្ភាសន៍អ្នកពាក់ព័ន្ធឬទេ? តើគេហទំព័រឬហ្វេសប៊ុកនោះមានឈ្មោះត្រឹមត្រូវ ឬជាជនអនាមិក? ។ ទន្ទឹមនេះ វេទិកា ក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះជនណាដែលផលិត និងចែកចាយព័ត៌មានក្លែងក្លាយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមរបស់ខ្លួន ។
គួររំលឹកថា តាមរយៈសារលិខិត សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តអោយបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់រដ្ឋ និង ជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ឬ ព័ត៌មានតែមួយជ្រុង ឬ ដោយសារតែគំនុំ ដោយពុំគិតពីក្បួនខ្នាតក្រឹតក្រមនៃសារព័ត៌មាន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍