Connect with us

អាជ្ញាធរសវនកម្មជាតិ នឹងចាប់ផ្តើមអនុវត្តការងារសវនកម្ម ដោយប្រើប្រព័ន្ធព័ត៌មានវិទ្យា

ភ្នំពេញ៖ អាជ្ញាធរសវនកម្មជាតិ នឹងចាប់ផ្តើមអនុវត្តការងារសវនកម្ម ដោយប្រើប្រព័ន្ធព័ត៌មានវិទ្យា ដោយរំពឹងថា នឹងមានប្រសិទ្ធភាពខ្ពស់ជាងមុន និងជាការអនុវត្តតាមការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ។
នៅថ្ងៃទី ២៤ ខែធ្នូនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ បានចាប់ផ្តើម បណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនដល់មន្ត្រីរាជការចំនួន៦០នាក់ មកពីអាជ្ញាធរសវនកម្មជាតិ ។

ការបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព និង ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងវិធាន និងនិតិវិធី នៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់មន្ត្រីរាជការ នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់ត្រៀមអនុវត្តការងារសវនកម្ម ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងអភិបាលកិច្ច និងធានាប្រសិទ្ធភាព នៃការអនុវត្តថវិកាជាតិ, ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យប្រកបដោយបរិយាប័ន្ន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ជារួម កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ មានគោលដៅកែលម្អ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល-សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដារអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នការអនុវត្តកម្មវិធី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ និង កំពុងមានវឌ្ឍនភាពល្អប្រសើរ ឈានឆ្ពោះទៅទទួលជោគជ័យ និងកសាងបានមូលដ្ឋាន បន្តឈានទៅអនុវត្តដំណាក់កាលទី៤ សំដៅបង្កើន «គណនេយ្យភាពចំពោះសមិទ្ធកម្ម» ដែលគ្រោង នឹងអនុវត្តពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ខាងមុខ ។
លោក រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ដើម្បីចូលរួមជំរុញវឌ្ឍនភាពល្អប្រសើរ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានដាក់ឲ្យអនុវត្ត ។ ប្រព័ន្ធ FMIS គឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការកែទម្រង់ប្រព័ន្ធថវិកា ស្របតាមឧត្តមានុវត្តជាអន្តរជាតិ ដើម្បីទទួលបានជោគជ័យតាមគោលដៅនៃកម្មវិធីកែទម្រង់។

គួររំលឹកថា រាជរដ្ឋាភិបាល បានដាក់ចេញនូវឯកសារ «យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា កម្ពុជា ២០១៨-២០២៥» ដោយបានប្តេជ្ញាធ្វើការផ្លាស់ប្តូរជាបណ្តើរៗ ពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងឆ្នាំ២០២៥។ ផ្អែកតាមទស្សនទាននេះ ថវិកាកម្មវិធី ត្រូវបានចាប់ផ្តើមអនុវត្តសាកល្បងពេញលេញចាប់ពីឆ្នាំ ២០១៥ ហើយក្នុងឆ្នាំ ២០១៨ ថវិកាកម្មវិធីនេះ ត្រូវបានអនុវត្តនៅគ្រប់ក្រសួង-ស្ថាប័នទាំងអស់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម