Connect with us

កម្ពុជា ធ្វើការនាំចេញទំនិញទៅកាន់ទីផ្សារក្រៅប្រទេស គិតជាទឹកប្រាក់ជាង១១០០០ លានដុល្លា

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយនឹងបរទេសសរុប មានចំនួនជិត ២៥០០០ លានដុល្លាអាមេរិក នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម ក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ នៅថ្ងៃទី ២៤ ខែធ្នូនេះ ។
តាមរបាយការណ៍ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅតាមបណ្ដាប្រទេសផ្សេងៗ គិតជាទឹកប្រាក់មានចំនួន ១១,២១៥លានដុល្លារ ។ តួលេខនៃការនាំចេញនេះ មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៧ ដែលមានត្រឹមតែ ១០,៧៧៧លានដុល្លារ។
ដោយឡែក សម្រាប់ការនាំចូលរបស់កម្ពុជាវិញ ក៏មានចំនួនច្រើនផងដែរ ដោយមានចំនួន១៣,៧៧១លានដុល្លារ កើនឡើងជាងឆ្នាំ២០១៧ ដែលមានត្រឹមតែ១៣,០១៩លានដុល្លារ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជា មានការកើនឡើងចំនួន១០% ។ កំណើននេះ ទទួលបានពីការកើនឡើងនៃវិ ស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារ នាំចេញទៅកាន់ជាង១៤៧ប្រទេសនៅទូទាំងពិភពលោក ។
លោករដ្ឋមន្រ្តី បន្ដថា ការនាំចេញនេះ មានទំហំប្រមាណជា ៦០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ។ សមិទ្ធិផលទាំងអស់នេះ បានបង្ហាញថា ក្រសួងពាណិជ្ជកម្ម បានចូលរួមចំណែក យ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន គឺមានអត្រាប្រមាណ៧,៣% ក្នុងឆ្នាំ២០១៨នេះ ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម កំពុងដំណើរការសន្និបាតប្រចាំឆ្នាំនេះ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែធ្នូ ឆ្នាំ២០១៨ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម