Connect with us

គណបក្សប្រជាជនកម្ពុជាដាក់ចេញយុទ្ធសាស្ត្រអាទិភាព ៤ចំណុចទាក់ទាញអ្នកគាំទ្រ

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាបានដាក់ចេញវិធានការជាក់ស្តែងជា អាទិភាព ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រីនឹងជំរុញអនុវត្ត វិធានការជាក់ស្តែងជាអាទិភាពចំនួន ៤ ដែលនឹងជំរុញអនុវត្តក្នុងឆ្នាំ២០១៩ ក្រោយពីទទួលបាន ជ័យជំនះ នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨។

គណបក្សប្រជាជនកម្ពុជាឱ្យដឹងថា បណ្តាវិធានការជាក់ស្តែងជាអទិភាពទាំងនោះរួមមាន៖
១ រៀបចំបើកប្រាក់ឈ្នួលការងារប្រចាំខែ ជូនកម្មករ-និយោជិត ក្នុងរយៈពេល២សប្តាហ៏ម្តងចាប់ពីឆ្នាំ២០១៩ទៅ ដើម្បីធានា ឱ្យកម្មករ-និយោជិតទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្ម ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិត សមរម្យផង ព្រមទាំងបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ និងដោយទៀងទាត់ ហើយទាន់ពេល សម្រាប់បម្រើ សេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាព។
២ រៀបចំបើកប្រាក់បៀវត្សជូនមន្ត្រី រាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ភេទ ព្រមទាំងប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជន តាមប្រពន្ធ័ធនាគារ ក្នុងរយៈពេល ២សប្តាហ៍ម្តង ដែលកិច្ចការនេះ គឺជាជំហានបន្តដ៏សំខាន់មួយទៀត នៅក្នុងការកែទម្រង់ប្រពន្ធ័បៀវត្សរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យមន្ត្រី រាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តន៍ជន និងអតីត យុទ្ធជន ទទួលបាននូវប្រាក់បៀវត្ស និងប្រាក់សោធន ដែលនឹងត្រូវបាន បង្កបង្កើនឡើងជាលំដាប់នោះ ប្រកបដោយតម្លាភាព គ្រប់ចំនួន និងទៀងទាត់ ហើយទាន់ពេល។ ការបើកបៀវត្សនិងប្រាក់សោធន ក្នុងរយៈពេល ២សប្តាហ៍ម្តងនេះ នឹងផ្តើអនុវត្ត នៅក្នុងឆ្នាំ២០១៩ខាងមុខ ។ដោយឡែក ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលនឹងរៀបចំធ្វើការសិក្សាដាក់ឱ្យ អនុវត្ត ជាបន្តបន្ទាប់ទៅទៀត ដោយសារលក្ខណៈនៃទីកន្លែង ការងារដាច់ ស្រយាលរបស់កងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់ មានសេវាធនាគារទៅដល់គ្រប់គ្រាន់នៅឡើយនោះ។
៣ អនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃប្រើប្រាស់ អគ្គីសនីសម្រាប់ទាំងអ្នកប្រើប្រាស់គ្រប់ប្រភេទនៅទូទាំងប្រទេសសម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ដែលក្នុងនោះ រាប់បញ្ចូលទាំងអ្នកប្រើប្រាស់ធំគ្រប់ប្រភេទ,អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ,អ្នកប្រើប្រាស់ ប្រភេទពាណិជ្ជកម្មនិងរដ្ឋបាល ,សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក៏ដូចជាប្រជាពលរដ្ឋតាមលំនៅឋាន។
ក្នុងនោះសម្រាប់ប្រជាពលរដ្ឋតាមលំនៅដ្ឋាន ត្រូវបានកំណត់ថា ៖
-អ្នកប្រើប្រាស់ ពី ១ ដល់ ១០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ អ្នកភ្នំពេញ តម្លៃ ៦១០រៀល និងបណ្តាខេត្ត៤៨០រៀល នៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៣៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
-អក្នកប្រើប្រាស់ ពី ១១ ដល់ ៥០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៦១០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
-អក្នប្រើប្រាស់ ពី ៥១ ដល់ ២០០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៧២០រៀលនៅភ្នំពេញ និងបណ្តាខេត្ត ៧៧០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៦១០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
-អក្នប្រើប្រាស់លើសពី២០០Kwh(គីឡូវ៉ាត់ម៉ោង) ក្នុងមួយខែ ដែលមានតម្លៃ៧៥០រៀលនៅភ្នំពេញ និងបណ្តាខេត្ត ៧៧០រៀលនៅឆ្នាំ២០១៨នេះ នឹងបញ្ចុះមកនៅ ៧៤០រៀលនៅឆ្នាំ២០១៩ និង ៧៣០រៀលនៅឆ្នាំ២០២០។

៤ រៀបចំដាក់អោយអនុវត្តនូវកម្មវិធីជាអាទិភាពមួយចំនួន នៅក្នុងក្របខណ្ឌ័នៃឯកសារ «ក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ » ដូចខាងក្រោម៖
ទី១ ដាក់ឱ្យអនុវត្ត ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ទៅនូវកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនេះនឹងធ្វើឡើងជា ៣ដំណាក់កាលគឺ៖
-ដំណាក់កាលពីទី១ ៖ ឧបត្ថម្ភ ៤លើក ក្នុងមួយលើក៤ម៉ឺនរៀលនៅពេលស្ត្រីមានផ្ទៃពោះទៅទទួលយកសេវាពិនិត្យ ផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។
-ដំណាក់កាលពីទី២ ៖ ឧបត្ថម្ភ ២០ម៉ឺនរៀល នៅពេលស្ត្រីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។
-ដំណាក់កាលពីទី ៣៖ ឧបត្ថម្ភ ១០លើក ក្នុង១លើក ៤ម៉ឺនរៀលនៅពេលស្ត្រីជាម្តាយនាំទារកទៅទទួលថ្នាំបង្កា ឫសេវាគាំពារ រហូតដល់កុមារមានអាយុ ២ឆ្នាំ។
ទី២ ដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០១៩ នូវរបបហានីភ័យការងារសម្រាប់មន្ត្រីសាធារណៈនិង ទី៣ ដាក់អោយអនុវត្តនៅក្នុងឆ្នាំ២០១៩ នូវរបបសោធនសម្រាប់កម្មករ-និយោជិត។

សូមជំរាបថា កាលពីថ្ងៃបើកយុទ្ធនាការឃោសនាថ្ងៃដំបូង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា បានបង្ហាញជំនឿថា ប្រជាពលរដ្ឋនៅទូទាំង ប្រទេសពិតជាយល់ដឹងអំពីសារៈសំខាន់និងចង់ទទួលបាននូវអត្ថប្រយោជន៍ពី គោលនយោបាយទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ហើយប្រាកដជាផ្តល់ការគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ដែល មានសម្តេចជានាយករដ្ឋមន្ត្រីតាមរយៈសម្លេងឆ្នោតគាំទ្រម្នាក់ មួយសន្លឹករបស់ខ្លួន នៅក្នុងការបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្ដដា ខាងមុខ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម