Connect with us

រដូវធ្វើប្រហុក ផ្អក លើកទី១ បានបិទបញ្ចប់ ខណៈផលត្រីបានតិច និងតម្លៃត្រី ខ្ពស់ជាងឆ្នាំមុន

ភ្នំពេញ ៖ ដោយសារតែកត្តាអាកាសធាតុ ធ្វើអោយត្រីចុះតិច បង្កអោយតម្លៃត្រីសម្រាប់ធ្វើប្រហុក ផ្អក ថ្លៃជាងឆ្នាំ២០១៧ ។ ប្រជាពលរដ្ឋ ដែលឡើងមកប្រមូលទិញត្រីសម្រាប់ធ្វើប្រហុកផ្អក បានត្រលប់ទៅលំនៅដ្ឋានវិញហើយ បន្ទាប់ពីរយៈពេលនៃការប្រមូលផលត្រី បានបិទបញ្ចប់នៅចុងសប្តាហ៍កន្លងទៅនេះ ។ ទន្ទឹមគ្នានេះ ពួកគាត់ ក៏បានសម្តែងការខកចិត្តខ្លះ ដោយសារតែតម្លៃត្រីថ្លៃជាងឆ្នាំមុន ហើយផល ត្រីដែលប្រមូលបាននៅទីតាំងធ្វើប្រហុកផ្អក ទាំង៦ ក្នុងរាជធានីភ្នំពេញ មានចំនួនតិច មិនអាចប្រមូលទិញតាមផែនការ ។
យោងតាមក្រុមអាជីវករមួយចំនួន ដែលបានដកស្រង់សម្តីដោយសារសារព័ត៌មានក្នុងស្រុក បានអោយដឹងថា តម្លៃត្រីសម្រាប់ធ្វើប្រហុក មួយគីឡូក្រាម មានតម្លៃចន្លោះពី ២៥០០ ទៅ ៣០០០រៀល ខណៈដែលកាលពីឆ្នាំ២០១៧ មានតម្លៃថ្លៃបំផុតត្រឹមតែ ១៥០០រៀលប៉ុណ្ណោះ ។

គួររំលឹកថា កាលពីពីរសប្តាហ៍មុន រដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានប្រកាសអោយប្រជាពលរដ្ឋ ចុះប្រមូលទិញត្រីធ្វើប្រហុក ផ្អក ខណៈ រដូវត្រីត្រូវ ចាប់ផ្តើមពីថ្ងៃទី១៤ ដល់ ២០ ខែធ្នូ ឆ្នាំ២០១៨ ។ ជាមួយនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និង គ្មានភ្លៀងកក់ខែទេនោះ ការនេសាទត្រី នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចបានផលច្រើនជាងគេ ។ រដ្ឋបាលជលផល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើប្រហុក ផ្អក ត្រីឆ្អើរទាំងអស់ រួសរាន់ ចុះប្រមូលទិញ ឬ ប្រកបរបររបស់ខ្លួន ជាពិសេស ចំពេលដែលទឹកបឹងទន្លេសាប នឹងស្រកលឿនជាងឆ្នាំមុនៗ ។
មន្ត្រីបច្ចេកទេសជលផលនៃរដ្ឋបាលជលផល បានទទួលស្គាល់ថា នៅក្នុងរដូវត្រីត្រូវដំបូងនៃឆ្នាំនេះ មានកត្តាអាកាសធាតុដូចជា ភ្លៀងកក់ខែ ដែលបណ្ដាលឲ្យត្រីចុះតិច មិនទាន់ឆ្លើយតបតាមតម្រូវការ ។ លោក បានរំពឹងថា នៅវគ្គទី២ គឺអំឡុងខែមករា និង វគ្គចុងក្រោយក្នុងខែកុម្ភៈ ត្រីនឹងត្រូវច្រើនជាងវគ្គទី១ ប៉ុន្តែ លោក ក៏បានសម្តែងការព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុ ផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម