Connect with us

ក្រុមហ៊ុនថ្មីចំនួនជាង ១៤០០០ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៨នេះ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន ឬ សហគ្រាសថ្មីៗ សម្រាប់ធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេល ១១ខែ ឆ្នាំ២០១៨នេះ មានចំនួន ១៤៥៥២ ក្រុមហ៊ុន កើនឡើង ១៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការស្នើសុំចុះបញ្ជីក្រុមហ៊ុនថ្មីប្រភេទក្រុមហ៊ុនមូលធន មានចំនួន ១១១៨៨ក្រុមហ៊ុន ក្រុមហ៊ុនពាណិជ្ជកម្មបរទេស មានចំនួន ១៤២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលចំនួន ៣២២២ក្រុមហ៊ុន ។
សម្រាប់ក្រុមហ៊ុនបរទេស ដែលបានចុះបញ្ជីភាគច្រើនមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី និងវៀតណាម ដោយធ្វើអាជីវកម្មទៅលើរោងចក្រកាត់ដេរ ស្បែកជើង និង តម្បាញ កសិកម្ម សេវាកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និងសំណង់ជាដើម ។
របាយការណ៍ដដែល បានបង្ហាញទៀតថា ករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម ក្នុង រយៈពេល១១ខែ ឆ្នាំ២០១៨នេះ មានចំនួន ១៤២ក្រុមហ៊ុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ មានចំនួនត្រឹមតែ ៥៨ក្រុមហ៊ុន ការកើនឡើង ១៤៤,៨២ ភាគរយ។
ដើម្បីបង្កភាពងាយស្រួលដល់បរិយាកាសអាជីវកម្ម ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ឲ្យដំណើរការនូវការចុះបញ្ជីក្រុមហ៊ុន ឬ សហគ្រាស ការចេញវិញ្ញាបនបត្រប្រភពដើមទំនិញ ការទូទាត់កម្រៃសេវា ការស្នើសុំម៉ាកពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សំដៅកាត់បន្ថយពេលវេលា និង ការចំណាយមិនផ្លូវការផ្សេងៗ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងកិច្ចពិភាក្សា កាលពីពេលថ្មីៗនេះថា បើទោះបីជាសព្វថ្ងៃការចុះបញ្ជីពាណិជ្ជកម្មធ្វើឡើងតាមប្រព័ន្ធអនឡាញ ដែលផ្តល់ភាពងាយស្រួលជាងមុន ក៏ប៉ុន្តែវានៅតែមានបញ្ហាប្រឈមជាច្រើនចំពោះសហគ្រាស ឬ អាជីវកម្មនៅតាមបណ្តាខេត្ត ដែលមិនមានប្រព័ន្ធអ៊ីនធើណេត និងការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត ។
លោកថ្លែងថា ការចំណាយទៅលើសេវាចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនថ្មី នៅតែមានតម្លៃខ្ពស់ ហើយថា រដ្ឋាភិបាលគួរតែរៀបចំឲ្យមានមន្ត្រីជំនាញនៅតាមមូលដ្ឋាន សម្រាប់ធ្វើការកិច្ចការងារនេះ ហើយវាក៏នឹងជួយធ្វើឲ្យបរិយាធ្វើធុរកិច្ចនៅកម្ពុជាកាន់តែមានភាពងាយស្រួល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម