Connect with us

ដឹងទេ ឆ្នាំ២០១៨នេះ កម្ពុជា នាំចេញកង់ទៅក្រៅប្រទេសជាង ១លាន៤សែនគ្រឿង គិតជាទឹកប្រាក់ជិត ២៩០លានដុល្លា

ភ្នំពេញ ៖ ការនាំចេញកង់របស់កម្ពុជា ដែលផលិតនៅតាមបណ្តារោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម នៅឆ្នាំ២០១៨ មានតម្លៃទឹកប្រាក់ប្រមាណ ២៨៦ លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ៤,៣៧ភាគរយ បើធៀបកាលពីឆ្នាំមុន ។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០១៨ ចំនួនកង់ ដែលត្រូវនាំចេញមានប្រមាណ ១,៤៤លានគ្រឿង បានកើនឡើង ២ភាគរយ បើធៀបនឹងឆ្នាំ ២០១៧កន្លងទៅ។
ទីផ្សារដែលកម្ពុជានាំចេញកង់ភាគច្រើន ទៅកាន់សហភាពអឺរ៉ុប ដែលមានតម្លៃទឹកប្រាក់ ១៨៧លានដុល្លារអាមេរិក ដែលមានកំណើន ១៤ភាគរយ ។ បន្ទាប់មកទីផ្សារចក្រភពអង់គ្លេស មានតម្លៃទឹកប្រាក់ប្រមាណ ៦៥លានដុល្លារអាមេរិក បានថយចុះ ១០ភាគរយ ខណៈដែលការនាំចេញទៅសហរដ្ឋអាមេរិក ធ្លាក់ចុះ ៧ភាគរយ ក្នុងតម្លៃទឹកប្រាក់ជាង ១៦លានដុល្លារអាមេរិក ។


ក្រៅពីនេះ កម្ពុជា ក៏មាននាំចេញកង់ ទៅកាន់ទីផ្សារអាស៊ាន ទ្វីបអាហ្វ្រិក និងបណ្តាប្រទេសផ្សេងៗទៀត ។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសតាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន មាន ៤៥កន្លែង ក្នុងនោះមានតំបន់ សេដ្ឋកិច្ចពិសេសយ៉ាងតិចចំនួន ១១កំពុងដំណើរការយ៉ាងសកម្ម ហើយរោងចក្រផលិតកង់ ភាគច្រើនមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ។
កង់ ជាផលិតផលនាំចេញដ៏សំខាន់មួយរបស់កម្ពុជា ដែលមានមកនូវប្រាក់ចំណូលច្រើនគួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការកើនឡើងនៃតម្លៃនាំចេញកង់បាន ធ្វើឲ្យប្រទេសកម្ពុជា មានផលិតផលកាន់តែច្រើនមុខ សម្រាប់បម្រើឲ្យការនាំចេញ ដែលមិនពឹងផ្អែកខ្លាំង តែទៅលើផលិតផលសម្លៀកបំពាក់ និងស្បែកជើង។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ឆ្នាំ២០១៧ កម្ពុជាបានផលិតកង់ និងបាននាំចេញទៅទីផ្សារអន្តរជាតិប្រមាណជាង ១,៨ លានគ្រឿង ស្មើរនឹងទឹកប្រាក់សរុបជាង ៣៦០ លានដុល្លារអាមេរិក កើនឡើង ៤% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០១៦៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម