Connect with us

ពលរដ្ឋប្រមាណ ៩ម៉ឺនគ្រួសារនៅតាមជនបទ មានការងារធ្វើពីការវិនិយោគលើដំណាំដំឡូងមី

ភ្នំពេញ ៖ របាយការណ៍ពីគោលនយោបាយដំឡូងមី បង្ហាញថា ប្រទេសកម្ពុជា បានទាញយកចំណូលពីការនាំចេញដំឡូងមី ទៅកាន់ទីផ្សារក្រៅប្រទេស មានតម្លៃប្រហែល ៧២៨លានដុល្លារ ក្នុងមួយឆ្នាំៗ ។ វិស័យនេះ ក៏បានស្រូបយកការចូលរួមរបស់អ្នកជនបទច្រើនជាង ៩ម៉ឺនគ្រួសារ នៅខេត្តចំនួន១៣ ក្នុងការដាំដុះដំឡូងមី និងបានបង្កើតការងារតាមរដូវកាល ជាច្រើនសម្រាប់កម្លាំងពលកម្មក្នុងស្រុក ។
ជាមួយគ្នានេះ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅនាំចេញម្សៅដំឡូងមីចំនួន ៥០ម៉ឺនតោន សម្រាប់ម្សៅកែច្នៃ និង មិនទាន់កែច្នៃ ទៅកាន់ទីផ្សារក្រៅប្រទេស ។
ការនាំចេញដំឡូងមីរបស់កម្ពុជា ភាគច្រើនលើសលុបទៅកាន់ទីផ្សារប្រទេសថៃ និងវៀតណាម ខណៈដែលការនាំចេញដោយផ្ទាល់ទៅប្រទេសចិន ដែលជាទីផ្សារមានតម្រូវការដំឡូងមីដ៏ធំរបស់ពិភពលោក គឺ មានប្រមាណជាង ៨ម៉ឺនតោន (សម្រាប់ចំណិតដំឡូងមីក្រៀម ក្នុងតម្លៃ ១៥,៥ លានដុល្លារ) និង ម្សៅដំឡូងមី ប្រមាណជាង ៣ម៉ឺនតោន ក្នុងតម្លៃ ១០,៥លានដុល្លារ ក្នុងឆ្នាំ ២០១៦ ។
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមី ក្នុងទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យដំ ឡូងមី ក្លាយជាដំណាំសក្តានុពលធំបំផុតទីពីរនៅក្នុងប្រទេសកម្ពុជា ដែលបានដាំដុះនៅលើផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា ហើយវាត្រូវបានប៉ាន់ប្រមាណថា នឹងរួមចំណែករវាង ៣% ទៅ ៤% នៃផលិតផលក្នុងស្រុកសរុប ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកម្ពុជា មិនទាន់ទាញយកផលចំណេញបានច្រើននៅឡើយ ពីផលិតកម្មដំឡូងមីនេះ ដោយសារតែការនាំចេញភាគច្រើននៅក្នុងទម្រង់ជាផលិតផលមិនទាន់កែច្នៃ និងជាចំណិតដំឡូងមីក្រៀម ខណៈដែលការចំណាយលើការដាំដុះដំឡូងមី មានប្រហែល ៣០០លានដុល្លារ ជារៀងរាល់ឆ្នាំ ។
បច្ចុប្បន្នកម្ពុជា មានរោងចក្រកែច្នៃម្សៅមីចំនួន ៥ក្នុងចំណោម ១០រោងចក្រ ដែលកំពុងប្រតិបត្តិការ ខណៈដែលមានរោងមានរោងចក្រថ្មីមួយទៀតកំពុងដំណើរការរៀបចំ ។ ជាមួយគ្នានេះ ក៏មានរោងចក្រចម្រាញ់អេតាណុលចេញពីផលិតផលដំឡូងមីចំនួន ២នៅជិតទីក្រុងភ្នំពេញ បានប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា កម្ពុជា នឹងក្លាយទៅជាទីតាំងឧស្សាហកម្មកែច្នៃ និង ផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក ដោយសារ កម្ពុជាដាក់ចេញគោលនយោបាយដំឡូងមី ដែលផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និង មានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និង ក្រៅប្រទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានលើកកម្ពស់ការប្រើប្រាស់អនុផល និងសំណល់ដំឡូងមី សម្រាប់ចំណីសត្វ និងជី ជាធាតុចូលដែលមានតម្លៃថោកសម្រាប់កសិករកម្ពុជា។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរ បានចុះហត្ថលេខា លើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និង លក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ ។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម