Connect with us

ចុះអ្នកណាក៏ហ៊ានម្លេះ គប់កំប៉ុងស្រាបៀរដាក់កញ្ញា ទេព បូព្រឹក្ស កំពុងច្រៀងយប់ម៉ិញនេះ (Video)

ភ្នំពេញ ៖ នៅថ្ងៃបុណ្យណូអែល យប់ម៉ិញនេះ តាមបណ្តាញសារព័ត៌មាន និង សង្គមហ្វេសប៊ុកបានផ្ទុះរឿងមួយទាក់ទងនឹងកញ្ញាទេព បូព្រឹក្ស និងម្ចាស់ភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះថា សមុទ្រភ្នំពេញ ទាក់ទងនឹងករណី ភ្ញៀវក្នុងហាងម្នាក់ បានជះ និង គប់ស្រាបៀរដាក់កញ្ញា បូព្រឹក្ស ខណៈដែលនាងកំពុងច្រៀងនៅលើឆាក។
កាលពីយប់ម៉ិញនេះ វេលាម៉ោង១០ ហេតុការណ៍ជះស្រាបៀរ ប្រមាថ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យកញ្ញា ព្រមទាំងក្រុមគ្រួសារ រួមទាំងមហាជន បញ្ចេញកំហឹងចំពោះការដោះស្រាយរបស់ម្ចាស់ហាង។
ក្រុមហ៊ុនស្រាបៀរ Hite គឺជាអ្នកដែលបានរៀបចំកម្មវិធី X-Mas Party នៅភោជនីយដ្ឋានសមុទ្រភ្នំពេញ នៅសង្កាត់ទឹកល្អក់៣ និងបានអញ្ជើញកញ្ញា ទេព បូព្រឹក្ស មកច្រៀងក្នុងកម្មវិធីនេះ ។
បើតាមសម្តីរបស់កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថា ក្រុមហ៊ុនស្រាបៀរនេះ បានកំណត់ឲ្យខ្លួនមកច្រៀងនៅហាងនេះ ម៉ោង១០ ហើយកញ្ញា បានមកដល់មុនការកំណត់ ប៉ុន្តែ ត្រូវម្ចាស់ហាង បដិសេធមិនព្រមឲ្យឡើងច្រៀង ពីព្រោះតែយប់កាន់តែជ្រៅ ហើយមនុស្ស ក៏មិនសូវមាននៅហាងផងដែរ។ ក្រោយមក កញ្ញា ទេព បូព្រឹក្ស បានឡើងច្រៀងបានមួយបទ ស្រាប់តែមានបុរសម្នាក់ដែលដំបូង គេអះអាងថា ជាកូនម្ចាស់ហាង បានមកជះស្រាបៀរ និងគប់កំប៉ុងដាក់កញ្ញា នៅពេលកំពុងច្រៀង ។
បើតាមការរាយការណ៍បន្តបន្ទាប់ បានអោយដឹងថា ជនដែលប្រព្រឹត្តអំពើប្រមាថនេះ ជាកូនប្រុសម្ចាស់ហាង ប៉ុន្តែត្រូវបានម្ចាស់ហាងបដិសេធ និង អះអាងថា ជាភ្ញៀវធម្មតាតែប៉ុណ្ណោះ ។
បន្ទាប់ពីករណីជះស្រាបៀរដាក់កញ្ញាទេព បូព្រឹក្ស នេះបានកើតឡើង មានការLive វីដេអូ យំសោកមិនអស់ចិត្តពីសំណាក់កញ្ញា ទេព បូព្រឹក្ស ដែលទាមទារឲ្យបុគ្គលម្នាក់នោះមកសុំទោសជាសាធារណៈ ហើយរឿងរាវនេះ បានកើតឡើងរយៈពេលដល់ទៅជាង៣ម៉ោងដែលបណ្តាលឲ្យសារព័ត៌មានមួយចំនួន មកទីតាំងកើតហេតុដោយផ្ទាល់ ។
ចំណែកឯលោក ជី ដេវីដ ដែលជាសង្សាកញ្ញា ទេព បូព្រឹក្ស ក៏បានមកដល់ទីតាំងនេះដោយផ្ទាល់ដែរ ដើម្បីជាតំណាងចូលរួមដោះស្រាយករណីជម្លោះជាមួយម្ចាស់ហាង និងសមត្ថកិច្ច ។ លោក ក៏បានផ្តល់បទសម្ភាសន៍ដោយទាមទារ ឲ្យមានការដោះស្រាយពីសំណាក់ម្ចាស់ហាង និងអ្នកដែលគប់ស្រាបៀរនោះ។
រីឯម្ចាស់ហាងដែលបានពោលពាក្យថា៖ «ឥលូវហ្នឹងចង់ដោះស្រាយ ឬមិនចង់ដោះស្រាយ? បើមិនចង់ទេសូមចេញ!» ទៅកាន់ កញ្ញា ទេព បូព្រឹក្ស និងក្រុមរបស់គាត់ បានក្លាយជាប្រធានបទដែលគេយកនិយាយគ្នាពេញហ្វេសប៊ុក ។
ដោយឡែក តំណាងក្រុមហ៊ុនស្រាបៀរ Hite មិនទាន់ចេញមុខបកស្រាយទាក់ទងនឹងករណីនេះនៅឡើយទេ ។ ទាក់ទិននឹងករណីនេះដែរ ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាប្រុសស្រីមួយចំនួន កំពុងចេញមុខថ្កោលទោសចំពោះការប្រមាថមួយនេះ ។
រហូតមកទល់ពេលនេះ បុរសដែលប្រព្រឹត្ត ក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយសារតែម្ចាស់ភោជនីយដ្ឋានមួយនេះ បានលុបវីដេអូថតដោយកំាមេរ៉ាសុវត្ថិភាពប្រចាំហាងកាលពីយប់មិញនេះចោលបាត់ទៅហើយ ។ ទោះបីជាមានវីដេអូដែលថតដោយភ្ញៀវនៅក្នុងហាងនេះក្តី ក៏មិនបានចាប់យកមុខបុរសនោះឲ្យបានច្បាស់នោះទេ៕

សូមទស្សនាវិដេអូ៖

Loading...

ពេញនិយម