Connect with us

តើតំបន់ណាខ្លះ នឹងត្រូវជ្រើសរើសសម្រាប់បង្កើតជា «តំបន់ទេសចរណ៍ពិសិដ្ឋ» នៅកម្ពុជា?

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កំពុងកំណត់ទីតាំងសម្រាប់បង្តើត «តំបន់ទេសចរណ៍ពិសិដ្ឋ» ដើម្បីប្រែក្លាយតំបន់ទេសចរណ៍ក្នុងស្រុក ឲ្យកាន់តែមានភាពទាក់ទាញ ដែលជាយុទ្ធសាស្ត្រឈានទៅសម្រេចគោលដៅស្រូបយកទេសចរអន្តរជាតិ ឲ្យកើនដល់ ១៥លាននាក់ នៅឆ្នាំ ២០៣០ ។
«តំបន់ទេសចរណ៍ពិសិដ្ឋ» នេះសំដៅដល់តំបន់ដែលមានសក្តានុពលទេសចរណ៍ក្នុងប្រទេស កម្ពុជា ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ។ តំបន់ទេសចរណ៍ពិសិដ្ឋនិមួយៗ ប្រ មូលផ្ដុំដោយសម្បទា និង សេវាកម្មទេសចរណ៍សំខាន់ៗ ដូចជា សេវាកម្មស្នាក់នៅ និវេសនដ្ឋានទេសចរណ៍ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ មណ្ឌលសម្រាកលំហែកម្សាន្តទេសចរណ៍ មណ្ឌលកីឡាទេសចរណ៍ សួនឧទ្យាន មណ្ឌលសេវាសេវាថែទាំសុខភាពទេសចរណ៍ និងមណ្ឌល ឬ សេវាកម្មទេសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត ។
តំបន់ជុំវិញសៀមរាប-អង្គរ តំបន់បឹងទន្លេសាប និងដងទន្លេមេង្គ តំបន់ឆ្នេរសមុទ្រ តំបន់ជុំវិញរាជធានីភ្នំពេញ ខេត្តនៅភូមិភាគឦសាន ភូមិភាគនិរតី ក៏អាចរៀបចំទៅជាតំបន់ទេសចរណ៍ពិសិដ្ឋបានដែរ ពិសេសតំបន់ទេសចរណ៍នាគរាជ នៅខេត្តព្រះសីហនុ ។ ការបង្កើតឲ្យមានតំបន់ ទេសចរណ៍ពិសេសបែបនេះ មិនត្រឹមតែបង្កើនការទាក់ទាញទេសចរទេ តែវាក៏ពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរ បានកាន់តែយូរផងដែរ ។


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា កម្ពុជាមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ គួបផ្សំនឹងកាលានុវត្តភាពដែលមានទេសចរកើនឡើងច្រើន ហើយបើតាមចក្ខុវិស័យរបស់កម្ពុជា គឺចង់បានទេសចរជាតិ-អន្តរជាតិប្រមាណ ៣០លាននាក់ នៅឆ្នាំ២០៣០។ ដូច្នេះដើម្បីសម្រេចនូវចក្ខុវិស័យនៃកំណើនទេសចរនេះ កត្តាសំខាន់មួយដែលមិនអាចខ្វះបាន គឺការផ្គត់ផ្គង់ផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទទួលកំណើនទេសចរផង និងទទួលផលពីវិស័យទេសចរណ៍ផង ។
លោក រដ្ឋមន្រ្តី បញ្ជាក់ថា ជាជំហ៊ានដំបូង នឹងចាប់ផ្តើមពីខេត្តជាប់តំបន់ឆ្នេរ ដែលរួមមានការបង្កើតតំបន់ទេសចរណ៍ «នាគរាជ» នៅខេត្តព្រះសីហនុ និង ជំរុញការអភិវឌ្ឍន៍តំបន់កោះដែលមានសក្តានុពល ។ ចំណែកភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) និង ភ្នំគូលែន ក៏ស្ថិតក្នុងគោលដៅដាក់បញ្ចូលជាតំបន់ទេសចរណ៍ពិសិដ្ឋផងដែរ។
លោក ថ្លែងទៀតថា គ្រប់តំបន់ទាំងអស់ដែលមានសក្ដានុពលទេសចរណ៍ ទាំងវប្បធម៌ និង ធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងដែលអាចបង្កើតកីឡាទេសចរណ៍ កន្លែងសម្រាកលំហែកម្សាន្ត មានមណ្ឌលថែទាំសុខភាពទេសចរផងដែរ គឺសុទ្ធតែអាចបង្កើតទៅជាតំបន់ទេសចរណ៍ពិសិដ្ឋបាន ។
បច្ចុប្ប្បន្នក្រសួងទេសចរណ៍ បាន និងកំពុងរៀបចំសេចក្ដីព្រាងអនុក្រឹត្យថ្មីមួយ ស្ដីពីការបង្កើត និងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ និងបានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេស ចរ ណ៍ ដើម្បីសុំយោបល់ ក៏ដូចធាតុចូលបន្ថែមទៀត មុនដាក់ជូនរាជរដ្ឋាភិបាល ក្នុងការអនុម័តលើផលិតផលទេសចរណ៍ថ្មីមួយនេះ ។
ក្រសួងទេសចរណ៍ ព្យាករណ៍ថា ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជា នឹងកើនដល់ចំនួន១៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១ម៉ឺនលានដុល្លារ និង បង្កើតការងារបានរហូតដល់ទៅ ២លាននាក់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម