Connect with us

ក្រសួងអប់រំ នឹងយកបទពិសោធន៍ពីប្រទេសសឹង្ហបុរី ក្នុងការចងក្រងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ ក្រសួងអប់រំកម្ពុជា នឹងសិក្សាទៅលើបទពិសោធពីប្រទេសនានា ជាពិសេស ប្រទេសសឹង្ហបុរី ដើម្បីបង្កើតជាក្រុមការងារអធិការកិច្ចចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា សម្រាប់ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ក្រុមការងារនេះ នឹងចុះអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សា ដោយបិទស្លាកសញ្ញាទទួលស្គាល់នៅលើចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាទាំងនោះ ។
បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មានក្នុងស្រុក បានអោយដឹងថា ក្រសួងអប់រំ មានផែនការបង្កើតក្រុមការងារអន្ដរក្រសួង ស្ដីពីសុវត្ថិភាពចំណីអាហារ ដែលមានការចូលរួមពីក្រសួង និង អង្គភាពពាក់ព័ន្ធ រួមទាំងអង្គការស្បៀងអាហារពិភពលោក នៅក្នុងការរៀបចំបង្កើតគោលការណ៍សេចក្ដីណែនាំមួយចំនួនសម្រាប់អប់រំស្ដីពីសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា ។
លោក រស់ សុវាចា បានបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សានានា អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ។
លោក រស់ សុវាចា ក៏បានអោយដឹងផងដែរថា ក្រសួងអប់រំ នឹងបន្ដបណ្ដុះបណ្ដាល លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ក៏ដូចជាឪពុកម្ដាយ និងអ្នកពាក់ព័ន្ធនៅក្នុងគ្រឹះស្ថានសិក្សា ឲ្យរៀនក្នុងការចម្អិនអាហារ ដើម្បីឲ្យអ្នកចម្អិនអាហារ និង អ្នកលក់ចំណីអាហារ យល់កាន់តែច្បាស់ពីសុវត្ថិភាពចំណីអាហារនៅគ្រប់កម្រិតថ្នាក់ទាំងអស់ ។
គួរកត់សម្គាល់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានករណីពុលចំណីអាហារជាបន្តបន្ទាប់ ដែលធ្វើអោយមានអ្នកស្លាប់ និង ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងនោះ រួមមានទាំងការពុលចំណីអាហារ នៅតាមសាលារៀនមួយចំនួនផងដែរ ដែលបង្កអោយមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពចំណីអាហារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម