Connect with us

វិស័យអចនទ្រព្យ និងការបង្កើតផលិតផលថ្មី ក្នុងវិស័យនេះជាភាពទាក់ទាញមួយ

អ្នកប្រកបអាជីវកម្មក្នុងវិស័យអចលនទ្រព្យ បានបង្កើតនូវផលិតផលថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សាររបស់អតិថិជន ខណៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានបង្ហាញពីភាពវិជ្ជមានក្នុងវិស័យអចលនទ្រព្យសម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
ធនាគារពិភពលោក និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឱ្យឃើញថា វិស័យអចលនទ្រព្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទ្រទ្រង់កំណើនប្រកបដោយនិរន្តរភាព។
លោក ចក់ ស៊ីណាត ដែលម្ចាស់ភាគហ៊ុនវិនិយោគរបស់គម្រោង Relax resort Investment នៅភូមិត្រាញ់ ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅជាប់នឹងស្ទឹងព្រែកត្នោត បានឱ្យដឹងថា ការអភិវឌ្ឍវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នផ្តោតសំខាន់លើផ្ទះល្វែង ការពោះដីឡូដ៍ដោយបង់រំលស់ ប៉ុន្តែការបង្កើតនូវផលិតផលថ្មីក្នុងវិស័យនេះគឺជាការធ្វើពិពិធកម្មក្នុងវិស័យនេះ ដើម្បីទ្រទ្រង់វិស័យនេះឱ្យមាននិរន្តរភាព។
គម្រោង Relax resort Investment បានបង្កើតផលិតផលថ្មីដោយរៀបចំជាផ្ទះលំហែ ឬ ហៅថា second home សម្រាប់អ្នកដែលមានចំណូលមធ្យម និងខ្ពស់ ដែលមានភាពធុញថប់ក្នុងការរស់នៅក្នុងក្រុង។
លោកយល់ថា ដីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលសក្តិសមសម្រាប់គម្រោងបែបនេះព្រោះវាជាតំបន់ជាយក្រុងដែលកំពុងតែមានការអភិវឌ្ឍច្រើន បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានរោងចក្រ គម្រោងវិនិយោគផ្សេងៗទៀតបានហក់ចូលវិនិយោគតំបន់នេះកាន់តែច្រើនជាឱកាសមួយសម្រាប់ប្រជាជនផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋ ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ បានថ្លែងក្នុងសន្និបាតកន្លងទៅនេះថា រាជរដ្ឋាភិបាលនឹងបង្កើនអភិបាលកិច្ចក្នុងវិស័យដីធ្លី តាមរយៈការពង្រឹងសុវត្ថិភាពដីធ្លី ការពង្រឹងការគ្រប់គ្រងវិស័យសំណង់ ការរៀបចំដែនដីប្រកបដោយប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍលំនៅឋានដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ឈានឆ្ពោះទៅរក ការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
របាយការណ៍បង្ហាញថា ថវិកាដែលក្រសួងប្រមូលចូលថវិកាជាតិក្នុងឆ្នាំ ២០១៨ មានប្រមាណ ៩៧,៦ លានដុល្លារ ដោយបានពីចំណូលសេវាសុរិយោដី ប្រមាណ ១១,៥ លានដុល្លារ ចំណូលពីសេវាសំណង់ ៤,០៥ លានដុល្លារ ចំណូលពីការជួលទីតាំងរោងចក្រសហគ្រាស ៧០ ០០០ ដុល្លារ និងចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ មានចំនួន ៨១,៩ លានដុល្លារ។ កាលពីឆ្នាំ២០១៧ ថវិកាដែលក្រសួងប្រមូលបានមានចំនួន ៩៣ លានដុល្លារ។
ធនាគារពិភពលោក បានបង្ហាញថា កំណើនសេដ្ឋកិច្ចរំពឹងថាកំណើននេះនឹងនៅតែមានភាពរឹងមាំក្នុងរង្វង់ ៦,៨ភាគរយនៅក្នុងឆ្នាំ២០១៧ នឹង៦,៩ ភាគរយក្នុងឆ្នាំ២០១៨នេះ ព្រោះការងើបឡើងវិញនៃវិស័យទេសចរណ៍រួមជាមួយនឹងការពង្រីកសារពើពន្ធ នឹងជួយបំពេញនៃការថយចុះលើផ្នែកនាំចេញសំលៀកបំពាក់ និងកំណើនលើផ្នែកសំណង់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម