រយៈពេល ៣ឆ្នាំ ក្រសួងដែនដី អះអាងថា នឹងចុះបញ្ជីដីធ្លីនៅកម្ពុជា អោយបាន ១០០ភាគរយ
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ផែនការរយៈពេល ៣ឆ្នាំ ដើម្បីចុះបញ្ជីដីធ្លី អោយបាន១០០ភាគរយ នៅឆ្នាំ ២០២១ ខាងមុខ ។
ផែនការនេះ ត្រូវបានអនុម័តក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៨ និង ដាក់ផែនការសម្រាប់ឆ្នាំ ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបិទបញ្ចប់នៅថ្ងៃ ម្សិលម៉ិញនេះ ។
តាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា ក្រសួងនឹងចុះអនុវត្តផែនការចុះបញ្ជីដីឲ្យបាន ៨៣ ភាគរយនៅឆ្នាំ២០១៩, និង ៩៤ ភាគរយនៅឆ្នាំ ២០២០ ហើយឈានទៅសម្រេច ១០០ ភាគរយនៅឆ្នាំ ២០២១ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧ លានក្បាលដី ។ ជាមួយនេះ ក៏នឹងពន្លឿនការចុះបញ្ជីដីរដ្ឋ ដែលជាកម្មវត្ថុនៃសម្បទានដីសេដ្ឋកិច្ច ដែលនៅសេសសល់ចំនួន ១១៩ ក្រុមហ៊ុន និង ដីរដ្ឋផ្សេងទៀត ។
ក្រៅពីនេះ ក្រសួងដែនដី នឹងជំរុញការអនុម័តផែនទីព្រំប្រទល់រដ្ឋបាល ផែនទីហេដ្ឋារចនាសម្ព័ន្ធ និង ផែនទីប្រើប្រាស់ដីបច្ចុប្បន្ននៃក្រុង ស្រុក ខណ្ឌ ចំនួន ១៩៧ ទូទាំងប្រទេស ដើម្បីគាំទ្រការងារចុះបញ្ជីដីប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាព។
ក្រសួងដែនដី ក៏បានស្នើរដ្ឋបាលរាជធានី-ខេត្ត អន្តរាគមន៍បញ្ឈប់ការពិនិត្យ និងបញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ មិនទាន់ចុះបញ្ជីណា ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំង មាននិយាមការច្បាស់លាស់ បញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី ដើម្បីរួមចំណែកទប់ស្កាត់ការកើតមានវិវាទដីធ្លីបន្ថែមទៀត ។
តាមផែនការកំណត់ថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ រដ្ឋបាលសុរិយោដី បញ្ឈប់ការចុះបញ្ជីដី និង ចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (បណ្ណភោគៈ) សម្រាប់ការចុះបញ្ជីដំបូងតាមលក្ខណៈដាច់ដោយដុំ ហើយត្រូវចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជំនួសវិញ ។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវប្ដូរ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុគំរូថ្មី ជំនួសប័ណ្ណកម្មសិទ្ធិគំរូចាស់ នៅពេលម្ចាស់ប័ណ្ណយកមកធ្វើចរន្ដការ[ប្តូរ] ។
ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ក៏បានដាក់ផែនការពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់តាមគ្រប់យន្តការសម្រាប់ឆ្នាំ ២០១៩ តាមរយៈអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គណៈកម្មការសុរិយោដី ក្រុមដោះស្រាយវិវាទចល័ត និងយន្តការដែលបង្កើតបន្ថែមរបស់ក្រសួង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍