អាជ្ញាធរគ្រឿងញៀន នឹងត្រួតពិនិត្យបញ្ហាគ្រឿងញៀន នៅតំបន់ភូមិភាគឦសានប្រទេស
ខេត្តស្ទឹងត្រែង-ព្រះវិហារ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងបើកកិច្ចប្រជុំជាបន្តបន្ទាប់នៅទីតាំងចំនួន ៧ នាតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដើម្បីពិនិត្យបញ្ហាគ្រឿង ញៀន និង ការអនុវត្តផែនការភូមិស គ្មានគ្រឿងញៀន ។
រយៈពេល៣ថ្ងៃកន្លងមកនេះ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះជួបប្រជុំត្រៀមរៀបចំការងារត្រួតពិនិត្យគ្រឿងញៀននៅក្នុង តំបន់មួយចំនួនក្នុងខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល និង តំណាងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តទាំងពីរ ។
បើតាមលោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា កិច្ចប្រជុំទាំងនោះ គឺដើម្បីរៀបចំការងារត្រួតពិនិត្យគ្រឿងញៀននៅទិសឦសាន និង ការអនុវត្តផែនការភូមិសគ្មានគ្រឿងញៀនដោយផ្តោតសំខាន់ទៅលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនានា ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត ។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានគូសបញ្ជាក់ផងដែរថា ភូមិភាគឦសាន នៃប្រទេស កម្ពុជា នៅតែជាទីតាំងប្រឈម និង ស្មុគស្មាញ ដែលឈ្មួញតែងតែយកធ្វើជាកន្លែងលបលួចចរាចរគ្រឿងញៀន ឆ្លងកាត់ទៅប្រទេសទី៣ ។ ជាមួយនឹងបញ្ហានេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវផែនការភូមិស គ្មានគ្រឿងញៀនចំនួន៥ភូមិ ជាប់ព្រំដែនកម្ពុជា-ថៃ កម្ពុជា-ឡាវ គឺនៅខេត្តស្ទឹងត្រែង មានពីរភូមិ (ភូមិខាំផាន់ ភូមិលើ) និង ខេត្តព្រះវិហារ មានបីភូមិ (ភូមិកំពង់ស្រឡៅ១ ភូមិអានសេះ និងភូមិឈើទាលគង) ។
ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក បានស្នើរអោយភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ និងចូលរួមលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសុវត្ថិភាពសហគមន៍មូលដ្ឋាន ។
សូមបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យបញ្ហាគ្រឿងញៀន នៅតំបន់ភូមិភាគឦសានប្រទេស នឹងធ្វើ ឡើងជាផ្លូវការនៅសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០១៩ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍