Connect with us

ស្ថាប័នពាក់ព័ន្ធ ជួបពិភាក្សាគ្នា រៀបចំគោលការណ៍ថ្លៃលក់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ ៖ ស្ថាប័នពាក់ព័ន្ធ ជួបពិភាក្សាគ្នា ដើម្បីពិនិត្យរៀបចំគោលការណ៍ថ្លៃលក់ទឹកស្អាតតាមបំ ពង់របស់សហគ្រាសរដ្ឋ និងឯកជន ប៉ុន្តែមិនទាន់បានឈានទៅកំណត់គោលការណ៍នៅឡើយនោះទេ ។
កិច្ចប្រជុំ ដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា អង្គប្រជុំបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និង បានគិតគូថ្លឹងថ្លែងគ្រប់ទិដ្ឋភាព ក្នុងគោលបំណងធ្វើយ៉ាងឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពកម្រិតមធ្យម និង ទាប ទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃមួយសមរម្យអាចទទួលយកបាន ។
អង្គប្រជុំ ក៏បានរិះរកវិធានការកាត់បន្ថយចំណាយថ្លៃដើមនៃការផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់ប្រតិបត្តិករទឹកស្អាតទាំងអស់ ទាំងសហគ្រាសសាធារណៈ និង ឯកជន ដោយក្នុងនោះ អង្គប្រជុំ បានពិនិត្យលទ្ធភាពមួយចំនួនសំខាន់ៗ រួមមាន វិធានការគាំទ្រផ្នែកសារពើពន្ធ, លទ្ធភាពជួយឧបត្ថម្ភធនរបស់រដ្ឋ, ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និង វិធានការរួមផ្សំដទៃផ្សេងទៀត ។
សេចក្តីប្រកាសព័ត៌មាន ក៏បានអោយដឹងផងដែរថា នាពេលបច្ចុប្បន្ន វិស័យផលិត និងផ្គត់ផ្គង់ទឹកស្អាត ត្រូវបានដំណើរការ និងគ្រប់គ្រងដោយសហគ្រាសសាធារណៈ និងឯកជន សរុបចំនួន ២៦៩ ក្នុងនោះ អង្គភាពរដ្ឋាករទឹកសាធារណៈមាន ១៣ (ថ្នាក់ខេត្ត-ក្រុង មាន ១១ និងថ្នាក់ស្រុកមាន ២) និងប្រតិបត្តិករឯកជនមាន ២៥៦ (ថ្នាក់ខេត្ត-ក្រុង មាន ១៤ និង ទីប្រជុំជន ២៤២) ។ ការផ្គត់ផ្គង់ទឹកស្អាត មានលក្ខណៈមិនដូចនឹងការផ្គត់ផ្គង់អគ្គិសនី ដែលការផលិតមានលក្ខណៈប្រមូលផ្តុំ ហើយដែលការតភ្ជាប់អគ្គិសនីទៅតាមតំបន់ជបបទ (ភូមិ/ឃុំ) មានភាពងាយស្រួយជាង ។
ចំណែកឯការតភ្ជាប់ និង ការបញ្ជូនទឹកស្អាតទៅតំបន់ឆ្ងាយៗ នៅជួបការលំបាកច្រើន ដែលទាមទារទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ដ៏ច្រើន ។ បច្ចុប្បន្ន ភាពខុសគ្នានៃការកំណត់ថ្លៃលក់ទឹកស្អាត ត្រូវបានកំណត់តាមមូលដ្ឋានជាក់ស្តែងនីមួយៗ ដោយត្រូវរាប់បញ្ចូលនូវកត្តាស្ថានភាពភូមិសាស្រ្ត, គុណភាពប្រភពទឹកឆៅ, ស្ថានភាពជីវភាពប្រជាជន, ស្ថានភាពពលកម្ម និងកម្រិតយល់ដឹងអំពីប្រសិទ្ធភាពសំអាតទឹករបស់ប្រតិបត្តិករនីមួយៗ ។
គួររំលឹកថា ការពិភាក្សាពីគោលការណ៍កំណត់ថ្លៃទឹកស្អាតនេះ គឺស្របគ្នានឹងការបញ្ចុះថ្លៃអគ្គិសនី ដើម្បីជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ។ ជាងនេះទៅទៀត កម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី ៦ ក៏បានកំណត់ពីការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជន ឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% នៅត្រឹមឆ្នាំ ២០២៥ ដោយឈរលើបុរេលក្ខខណ្ឌបួន គឺ ៖ ទឹកត្រូវមានគុណ, សុវត្ថិភាព, និរន្តភាព និង តម្លៃសមរម្យ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម