Connect with us

សម្តេច ស ខេង អោយពង្រីកយន្តការច្រកចេញចូលតែមួយទៅរដ្ឋបាលស្រុក ឃុំ-សង្កាត់បន្ថែម ទៀត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញ អោយមានការពង្រីកយន្ដការច្រកចេញចូលតែមួយទៅរដ្ឋបាលស្រុក និង ឃុំ- សង្កាត់ ដែលមិនទាន់មានយន្ដការនេះ ឲ្យបានឆាប់រហ័ស ។
ការថ្លែងជំរុញបែបនេះរបស់ សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើង ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការផ្ដល់សេវារដ្ឋបាល តាមរយៈយន្ដការការិយាល័យច្រកចេញចូលតែមួយ ដែលបានអនុវត្តនាពេលកន្លងមក ទោះបីមានចំណុចខ្វះខាតមួយចំនួន ក៏ប៉ុន្តែទទួលបានលទ្ធផលវិជ្ជមាន និងការគាំទ្រ រួមនឹងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសបានទទួលនូវភាពពេញចិត្ត និងការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវា ។
សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងដែរថា បើទោះបីសេវាទាំងនេះ ត្រូវបានប្រមូលផ្ដុំមកផ្ដល់ ក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្តក៏ដោយ ក៏មន្ទីរជំនាញនីមួយៗ នៅតែមានតួនាទីស្នួល ក្នុងការពិនិត្យ និងផ្ដល់យោបល់ផ្នែកបច្ចេកទេស លើការផ្ដល់សេវាទាំងនេះ ព្រមទាំងតាមដាន និងត្រួតពិនិត្យលើការអនុវត្តការផ្ដល់សេវាទាំងនោះផងដែរ។
សម្តេចក្រឡាហោម ក៏បានជំរុញឲ្យលេខាធិការដ្ឋាន គ.ជ.អ.ប និងអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវបន្ដសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំការផ្ដល់សេវារដ្ឋបាល តាមប្រព័ន្ធព័ត៌មានវិទ្យា ឬ ប្រព័ន្ធស្វ័យប្រវត្តិកម្ម (អនឡាញ) ដែលធានាឲ្យបានការផ្ដល់សេវា កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និង មានតម្លាភាព។
សូមបញ្ជាក់ថា ការរៀបចំបង្កើតយន្ដការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផ្ដល់សេវារដ្ឋបាល បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៥មក ។ យន្ដការនេះត្រូវបានពង្រឹង និងពង្រីកជាបណ្ដើរៗ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ ការិយាល័យច្រកចេញចូលតែមួយ នៅតាមរដ្ឋបាលក្រុង ស្រុក មានចំនួន៥២ និងអង្គភាពច្រកចេញចូលតែមួយនៅតាមរដ្ឋបាលរាជធានី-ខេត្ត មាន២៥ ដើម្បីផ្ដល់សេវារដ្ឋបាលប្រមាណជាង៦០០ប្រភេទ ដែលបានធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័នចំនួន១២។
ការដាក់ឲ្យដំណើរការយន្ដការច្រកចេញចូលតែមួយនេះ បានផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗ ជាច្រើនរួមមាន៖

  • ទី១៖ បានពង្រឹងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ចាត់ចែងការផ្ដល់សេវារដ្ឋបាលនានា ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ។
  • ទី២៖ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលយកសេវារដ្ឋបាលនៅកន្លែងតែមួយ ដែលងាយស្រួលរកឃើញ ព្រមទាំងមានការកំណត់ថេរវេលា និងតម្លៃនៃការផ្ដល់សេវានីមួយៗច្បាស់លាស់។
  • ទី៣៖ បង្កលក្ខណៈងាយស្រួលក្នុងការតាមដាន ត្រួតពិនិត្យរបស់ប្រជាពលរដ្ឋលើកិច្ចដំណើរការ នៃការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
  • និងទី៤៖ ពង្រឹងការប្រមូលចំណូលពីការផ្ដល់សេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព និងទប់ស្កាត់នូវអំពើពុករលួយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម