Connect with us

សមត្ថកិច្ច ៥រូប ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការដេញចាប់ឈើបែបអាណាធិបតេយ្យ នៅស្រុកកែវសីមា

មណ្ឌលគិរី ៖ សមត្ថកិច្ចចំនួន ៥រូប ត្រូវបានចាប់ខ្លួន ក្រោយហេតុការណ៍ ដេញចាប់រថយន្តដឹកឈើ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស និងរបួសធ្ងន់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
ការចាប់ខ្លួន ធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយត្រី សូ សុវណ្ណ ស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ។
បើតាមរបាយការណ៍ពីប្រតិបត្តិការនេះ បានអោយដឹងថា សមត្ថកិច្ចដែលបានចាប់ខ្លួន ក្នុងសកម្មភាពប្រដេញឡានដឹកឈើ នៅថ្ងៃម្សិលម៉ិញនេះ រួមមាន លោកវរសេនីយទោ យូ រ៉ាវុធ ជាឌឺបេជើងគោក ប្រចាំទិសខេត្តមណ្ឌលគិរី, លោកអនុសេនីយឯក វ៉ាន់ រួន ជានគរបាលសេដ្ឋកិច្ចក្រសួង, លោកវរសេនីយត្រី ប៉ង់ កានួត ជានាយទាហានសឹករង ខេត្តមណ្ឌលគិរី, លោក ស៊្រុន ឈួន នាយសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា និង លោកអនុសេនីយឯក សៀង ចំរុង នាយផ្នែកអត្តសញ្ញាណប័ណ្ណ ស្រុកកែវសីមា ។
បច្ចុប្បន្ន សមត្ថកិច្ចទាំង៥រួប កំពុងត្រូវបានសាកសួរ និងអនុវត្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
គួររំលឹកថា នៅព្រលឹមថ្ងៃម្សិលម៉ិញនេះ មនុស្សម្នាក់បានស្លាប់ និង ៣នាក់ បានរងរបួសធ្ងន់ និង ផ្ទះមួយខ្នង បានបាក់រាបដល់ដី ដោយសាររថយន្តចំនួន០២ គ្រឿង ដឹកឈើ រត់គេចពីក្បួនរថយន្តសមត្ថកិច្ចជជុះ ស្រុកកែវសីមា ចំនួន០៥គ្រឿង ប្រដេញតាមពីក្រោយ នៅចំណុចគីឡូម៉ែត្រ១៣៦ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បើតាមប្រជាពលរដ្ឋ សមត្ថកិច្ចទាំងនេះ គឺជាក្រុមកុងត្រូលជជុះ ដែលតែងតែធ្វើសកម្មភាពដេញ តាមរថយន្តដឹកឈើយ៉ាងអាណាធិបតេយ្យ នាពេលកន្លងមក បង្កអោយមានការព្រួយបារម្ភពីសំ ណាក់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវក្នុងស្រុកកែវសីមា ។
ទាក់ទិននឹងបញ្ហាកុងត្រូលជជុះនេះដែរ នៅថ្ងៃម្សិលម៉ិញ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំត្រួតពិ និត្យ និងលុបបំបាត់ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអនាធិបតេយ្យ បានប្រាប់ឲ្យប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលជាសមាជិក ត្រូវផ្ញើរបាយការណ៍ ស្ដីពីវឌ្ឍនភាពនៃការត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្ដិ៍ តាមផ្លូវគោក និងផ្លូវទឹក ឆ្នាំ២០១៨ ឲ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ។ ក្នុងលិខិត បានបញ្ជាក់ថា របាយការណ៍នេះ នឹងត្រូវយកធ្វើជាមូលដ្ឋានបូកសរុប វាយតម្លៃ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល និងលើកទិសដៅបន្ដ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម