Connect with us

ថវិកាសប្បុរសធម៌ជិត 3ម៉ឺនដុល្លារ ត្រូវបានក្រុមគ្រួសារឧបាសិកា លាង យ៉េក ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ÷ ក្នុងគោលបំណងចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់សង្គម នៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមគ្រួសារឧបាសក ឃូ ធៀម និងឧបាសិកា លាង យ៉េក បាននាំយកថវិកា ២៨,៨៨៨ដុល្លារ មកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

ថវិកានេះ បានមកពីការចូលបច្ច័យបុណ្យសពរបស់ឧបាសិកា លាង យ៉េក ដែលបានធ្វើមរណកាល នៅថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ឧបាសិកា លាង យ៉េក កាលលោកយាយនៅមានជីវិត បានកសាងក្រុមគ្រួសារធំមួយ និងទទួលបានការគោរពរាប់អានពីញាតិមិត្តជិតឆ្ងាយជាច្រើន នៅក្នុងសង្គម។ ឧបាសិកា លាង យ៉េក និងក្រុមគ្រួសារ ជានិច្ចកាលតែងតែចូលរួម ក្នុងសកម្មភាពជួយសង្គម ដូចជាសាងសង់សាលារៀន វត្តអារាម និងផ្លូវថ្នល់ ជាដើម។

ដើម្បីបន្តអនុវត្តគំរូដ៏ល្អរបស់លោកយាយ ដែលធ្លាប់បានធ្វើ កាលដែលលោកយាយនៅមានជីវិតនៅឡើយ កូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត របស់ឧបាសិកា លាង យ៉េក បានសម្រេចយកបច្ច័យបុណ្យសពរបស់លោកយាយ មកចូលរួមសកម្មភាពជួយសង្គម តាមរយៈការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងតែជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

ក្រុមគ្រួសារនៃសពឧបាសិកា លាង យ៉េក​ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញតិមិត្រជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ និង​ ផ្ញើរសាររំលែកមរណទុក្ខ ដល់ក្រុមគ្រួសារនៃសព៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម