Connect with us

ផ្នែកឯកជន ស្នើរសុំបង្កើតតំបន់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីងាយស្រួលទទួលហិរញ្ញវត្ថុ

ភ្នំពេញ ៖ អ្នកប្រកបកិច្ចការធុរកិច្ចផ្នែកឯកជន បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បង្កើតតំបន់សហគ្រាសខ្នាតតូចនិងមធ្យម ។ ការស្នើនេះ ដោយសារតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានគេជឿថា ជាតួអង្គសំខាន់មួយ ក្នុងការចរចារបង្កើតគោលនយោបាយអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈគម្រោងបង្កើតធនាគារសហគ្រាសខ្នាតតូច និង មធ្យម ដែលមានទុនដំបូង១០០លានដុល្លារ ។
ក្នុងវេទិកាកសិកម្ម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកសំណើរដល់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីជួយដោះស្រាយបញ្ហាកង្វះទុន ក្នុងការកែច្នៃផលិតផល ដោយអាចមានលទ្ធភាពទទួលបានកម្ចីពីហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ដែលទើបផ្តួច ផ្តើមថ្មីៗនេះ ។
ការបង្កើតតំបន់នេះ ត្រូវបានគេជឿថា នឹងផ្តល់ភាពងាយស្រួលដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងការទទួលបានទុនសម្រាប់អភិវឌ្ឍន៍សហគ្រាសរបស់ខ្លួន ដោយទទួលបានការអនុគ្រោះផ្សេងៗ រួមមានពន្ធ និង តម្លៃអគ្គិសនីជាដើម ។
ឧកញ៉ា លឹម ហេង បញ្ជាក់ថា ៖ «វាជាប់ពាក់ព័ន្ធដល់កសិកម្មយើងធំ នោះគឺការអភិវឌ្ឍន៍ផ្នែកសិប្បកម្ម និងឧស្សាហកម្ម ដោយហេតុថា ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី (ហ៊ុន សែន) បង្កើតនូវធនាគារ អេស អឹម អ៊ី ដូច្នេះអ្វីដែលសំខាន់នោះ តើសហគ្រាសខ្នាតតូចនិងមធ្យម អាចទទួលយកនូវឥណទាននេះតាមរបៀបណា?»
ឧកញ៉ា លឹម ហេង បានអះអាងថា វិស័យកសិកម្មកម្ពុជា គ្របដណ្តប់ច្រើន ទាំងផលិតកម្ម ទាំងកម្លាំងធនធានមនុស្ស ។ ហេតុដូចនេះ ដើម្បីឲ្យវិស័យកសិកម្ម មានដំណើរទៅរកការអភិវឌ្ឍន៍ វាមានភាពចំបាច់ក្នុងបង្កើតតំបន់អភិវឌ្ឍន៍ ។
ឧកញ៉ា បញ្ជាក់ថា៖ «កន្លងមក រាជរដ្ឋាភិបាល បានទម្លាក់ថវិកាដើម្បីជួយផ្នែកកសិកម្ម ប៉ុន្តែតាមពិត ការទទួលយកថវិកា ឬ ឥណទាននោះ មិនស្មើ៣០%ផងនៃកញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាល បានដាក់ចុះ ដោយសារផ្នែកសិប្បកម្ម ផ្នែកកសិកម្មនេះ មិនងាយទទួយយកទេ» ។ មូលហេតុដែលត្រូវបង្កើតតំបន់នេះ ព្រោះបើនៅរាយប៉ាយបែបសព្វថ្ងៃ គឺមិនងាយនឹងទទួលបានឥណទាននោះទេ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលយកនូវសំណើររបស់តំណាងសភាពាណិជ្ជកម្ម ដោយចាត់ទុកថា គំនិតបង្កើតធនាគារអេសអឹមអ៊ីនេះ គឺត្រូវប្រមុខ រាជរដ្ឋាភិបាលប្រកាសជាសាធារណៈ ក្រោយការជួបប្រជុំជាមួយផ្នែកឯកជន ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជា នឹងដួលរលំ បើសិនជាគ្មានការកែច្នៃសម្រាប់នាំចេញនោះទេ ។ ការកែច្នៃ គឺត្រូវពឹងផ្អែកលើទីតាំងណាមួយជាក់លាក់ ដែលមានតម្លៃថាមពលថោក មានទីតាំងសម្រាប់កែច្នៃប្រកបដោយស្តង់ដារអនាម័យខ្ពស់ ហើយ ជាពិសេសបំផុតនោះ គឺភាពងាយស្រួលក្នុងការទទួលបានឥណទានសម្រាប់ប្រតិបត្តិការតែម្តង ។
លោក រដ្ឋមន្ត្រី អះអាងថា៖«ក្រោយពីយើងប្រជុំជាមួយផ្នែកឯកជន និយាយពីការធ្វើកសិកម្មតាមកិច្ចសន្យាហើយ យើងចង់បានការផ្តល់ឥណទាននេះ »។
កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា នៅពេលខាងមុខកម្ពុជា នឹងបង្កើតឱ្យមានធនាគារសហគ្រាសធុនតូចមួយទៀត ដើម្បីឈានទៅផ្តល់កម្ចីឥណទានដល់ម្ចាស់អាជីវកម្ម និងម្ចាស់គ្រាសទាំងឡាយណា ដែលមានគំនិតចង់បង្កើតសហគ្រាស ឬ អាជីវកម្មខ្នាតតូច និងមធ្យម ដែលនេះជាការជំរុញការបង្កើនផលិតផលប្រើប្រាស់ក្នុងស្រុក។
សម្តេច ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលនឹងឈានទៅបង្កើតឱ្យមានធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានដើមទុន ១០០លានដុល្លារអាមេរិក ដោយរំពឹងថា វានឹងកាត់បន្ថយសម្ពាធពីការខ្វះខាតទុន និង សម្ពាធប្រកួតប្រជែងថ្លៃដើម៕

ឧកញ៉ា លឹម ហេង

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម