Connect with us

ក្រុមធុរជនផ្នែកដំណាំកៅស៊ូ បន្តតស៊ូមតិលើសេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ ដ៏ចម្រូងចម្រាស់

ភ្នំពេញ ៖ ក្រុមធុរជន ដែលវិនិយោគលើដំណាំកៅស៊ូ បានឯកភាពគ្នាក្នុងការបន្តតស៊ូមតិលើ សេចក្តីព្រាងច្បាប់ ស្តីពីកៅស៊ូនៅកម្ពុជា ដែលត្រូវបានក្រុមធុរជន ចាត់ទុកថា នឹងបង្កការលំបាកដល់ការអភិវឌ្ឍន៍វិស័យនេះ នាពេលខាងមុខ ។
ការឯកភាពគ្នា បានធ្វើឡើងក្នុងកិច្ចពិភាក្សានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមវត្តមានឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុមការងារទី១ “កសិកម្ម និងកសិឧស្សាហកម្ម” តំណាងផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមនឹងលោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ។
កិច្ចពិភាក្សា ធ្វើឡើងក្នុងគោបំណងចង់ឲ្យក្រុមហ៊ុន និងធុរជន ដែលកំពុងវិនិយោគ និងប្រកបមុខរបរទទួលទានពាក់ពន្ធនឹងកៅស៊ូនៅកម្ពុជា ផ្តល់ធាតុចូល និងយោបល់ ដែលផ្នែកឯកជន មិនស្របតាម និង ចង់ដាក់បន្ថែម ឬ ដកនូវចំណុចណាមួយក្នុងមាត្រា នៃសេចក្តីព្រាងច្បាប់ស្តីពី កៅស៊ូនៅកម្ពុជា នេះ ។ ការផ្តល់ធាតុចូលនេះ ដើម្បីធ្វើយ៉ាងណា រកចំណុចអនុវត្តឲ្យមានប្រសិទ្ធិភាព និងតម្លាភាពខ្ពស់រវាងរាជរដ្ឋាភិបាល និង ផ្នែកឯកជននៅកម្ពុជា។
កិច្ចពិភាក្សានេះ បានឯកភាពបន្តធ្វើសកម្មភាពរកដំណោះស្រាយរាល់ចំណុចដូចជា ៖

  • ១. តស៊ូមតិពាក់ព័ន្ធនឹងពន្ធលើការនាំចេញ និង ពន្ធកាត់ទុក កៅស៊ូនៅកម្ពុជា
  • ២. ផ្នែកឯកជន ដែលមានសហប្រធានក្រុមការងារទី១ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា បន្តស្នើសុំពេលវេលាល្មមសមស្រប ដើម្បីធ្វើការសិក្សាកែប្រែខ្លឹមសារ ក្នុងមាត្រា ដែលមានក្នុងសេចក្តីព្រាងច្បាប់នេះ
  • ៣. បង្កើតក្រុមការងារ ដើម្បីធ្វើការពិចារណា និង សិក្សាដោយក្រុមជំនាញផ្នែកច្បាប់របស់ផ្នែកឯកជន លើសេចក្តីព្រាងច្បាប់កៅស៊ូនេះ
  • ៤. ស្នើធ្វើសិក្ខាសាលាមួយ ស្តីពីសេចក្តីព្រាងច្បាប់កៅស៊ូកម្ពុជា ដែលទទួលបន្ទុកដោយផ្នែកឯកជន និងអញ្ជើញរាល់ភាគីសំខាន់ៗពាក់ព័ន្ធខាងផ្នែករាជរដ្ឋាភិបាល(អន្តរក្រសួង) និងផ្នែកឯកជន

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកឡើងពីក្តីបារម្ភថា តើអាចមានផលប៉ះពាល់អ្វីខ្លះនឹងកើតឡើង ដោយសារសេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូ នៅកម្ពុជា ដែលកំពុងពិភាក្សា ដើម្បីដាក់ស្នើសុំច្បាប់ និងអនុវត្តនាពេលខាងមុខនេះ ។
ឧកញ៉ា លឹម ហេង អះអាងថា វានឹងអាចមានផលប៉ះពាល់ជាច្រើនដល់កសិករ និង អ្នកប្រកបមុខរបរនេះ ហើយអាចធ្វើឲ្យអ្នកវិនិយោគ ទាំងក្នុងស្រុក និងមកពីបរទេសលើវិស័យនេះ រារែក ថាតើនៅបន្ត ឬ គួរវិនិយោគថ្មីលើវិស័យនេះ ដែររឺទេ បើមានច្បាប់នេះ ។
ឧកញ៉ា លឹម ហេង ផ្តល់ជាអនុសាសន៍ថា អគ្គនាយកដ្ឋានកៅស៊ូ គួរតែយកចិត្តទុកដាក់បង្កើតគោលនយោបាយស្ដីពីកៅស៊ូ ទើបអាចជួយដល់កសិករដាំកៅស៊ូ ឬ លើវិស័យនេះ និងបានចូលរួមជួយដល់យុទ្ធសាស្ត្រចតុកោណរបស់សម្តេចតេជោ ហ៊ុន សែន ប្រសើរជាងការបង្កើតច្បាប់ដែលធ្វើឲ្យប្រជាកសិករ និង អ្នកប្រកបមុខរបរនេះថ្នាំងថ្នាក់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម