Connect with us

សភានៃប្រទេសចំនួន២៧ នឹងពិភាក្សាគ្នានៅខេត្តសៀមរាប ក្នុងការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់

ភ្នំពេញ៖ សភានៃប្រទេសចំនួនជិត ៣០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងជួបពិភាក្សាគ្នាលើការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ ។
កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧នេះ នឹងត្រូវរៀបចំឡើងដោយព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ពិធីបើកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ។
ក្រៅពីនេះ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ បើកវេទិកាសភាដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសសមា ជិកវេទិកាចំនួន ២៧ប្រទេស នឹងចូលរួម ព្រមទាំងវត្តមាននៃគណៈប្រតិភូភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍ ។
គួររំលឹកថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (The Asia Pacific Parliamentary Forum) បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព ។
សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកានេះ កាលពីឆ្នាំ១៩៩៥ ។ រហូតមកទល់បច្ចុប្បន្ននេះ វេទិកា APPF មានសមាជិកពេញសិទ្ធិ ចំនួន២៧ប្រទេស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម