Connect with us

៣ឆ្នាំទៀត ការធ្វើដំណើរលើផ្លូវជាតិលេខ៣ នឹងមានភាពកាន់តែងាយស្រួល ខណៈការពង្រីកផ្លូវ បានកំពុងអនុវត្តយ៉ាងសកម្ម

ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ បានកំពុងធ្វើការសាងសង់ពង្រីក និង លើកកម្រិតគុណភាព ដោយគ្រោងនឹងឈានទៅបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២១។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ នឹងត្រូវចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។
គម្រោងនេះ គឺ ចាប់ពីរាជធានីភ្នំពេញ ត្រង់រង្វង់មូលចោមចៅ ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ, ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ ។
ចំពោះកំណាត់ផ្លូវប្រវែង ៧០ គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់បែកគូស នឹងត្រូវពង្រីកផ្លូវរហូតដល់ ទទឹង ២៤ ម៉ែត្រកន្លះ ដែលមានពីរទៅ ពីរមក និងបន្តទៅទៀត គឺ ១២ ម៉ែត្រ សម្រាប់ ៦៤ គីឡូម៉ែត្រទៀតពី បែកគូស ទៅដល់ខេត្តកំពត។
កំណាត់ផ្លូវជាតិលេខ ៣ ត្រូវបានបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកវិភាគ បានលើកឡើងថា ផ្លូវជាតិលេខ ៣ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនទំនិញផលិតផលទៅវិញទៅមកពីរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ខេត្តកំពត និងទៅកាន់ខេត្តផ្សេងៗ ជាពិសេសទៅកាន់កំពង់ផែព្រះសីហនុ។
ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែមានភាពរឹងមំាយូរអង្វែងនៅលើឆាកអន្តរជាតិ ប្រទេស កម្ពុជាចំាបាច់ណាស់ ត្រូវតែពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធឲ្យបានកាន់តែទូលំទូលាយ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។
វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ថាមពលអគ្គិសនី កម្លាំងជំនាញវិជ្ជាជីវៈ និងតំបន់សេដ្ឋកិច្ចពិសេស ជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍន៍ជាអាទិភាព។
មន្ត្រីរដ្ឋាភិបាលបានអះអាងថា កម្ពុជាត្រូវការជាចាំបាច់នូវថវិកាហរិញ្ញប្បទានពី ១២ពាន់លានដុល្លារ ទៅ១៣ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែល ២០ឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានផ្លូវ និងស្ពានធំៗជាច្រើន ត្រូវបានសាងសង់រួចរាល់ និង បានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើររួចហើយដែរ ហើយផ្លូវនិងស្ពានទាំងនោះ បានកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងសកម្មភាពសេដ្ឋកិច្ច ដោយការតភ្ជាប់ពីកម្ពុជាទៅតំបន់អាស៊ាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម