Connect with us

រដ្ឋសភា បើកផ្លូវអោយមានការបង្កើនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ បន្ទាប់ពីដំណើរការពេញមួយព្រឹក ទីបំផុត រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ចំនួនពីរពាក់ព័ន្ធនឹងការបង្កើនសមាជិកក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅក្នុងសម័យប្រជុំ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយសមាជិករដ្ឋសភាចូលរូមប្រជុំចំនួន១០៨រូប ។
គួររំលឹកថា តំណាងរាស្ត្រភាគច្រើន បានចុះហត្ថលេខាលើកសំណើជូនរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា១៨ ដើម្បីកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ។
បើតាមសេចក្តីស្នើរច្បាប់ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបង្កើនពី២១រូប ដល់ ២៧រូប, សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបង្កើនចន្លោះពី១១រូប ដល់ ២១រូប, និងសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបង្កើនចន្លោះពី១១រូប ដល់ ២១រូប ។
សូមរំលឹកថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមកាលពីឆ្នាំ២០០៨ ។ បទប្បញ្ញត្តិមាត្រា ១៨នៃច្បាប់នេះបាន ចែងអំពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងកត្តាភូមិសាស្ត្រនៃរដ្ឋបាលដែនដីនីមួយៗ ។
ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ពីច្បាប់នេះ ចូលជាធរមាន រហូតមកទល់នឹងបច្ចុប្បន្ន ស្ថានភាពប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការកើនឡើងជាលំដាប់ ដែលតម្រូវឲ្យមានការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវា និងអភិវឌ្ឍន៍ ស្របពេលដែលមុខងារ និងធនធាន ត្រូវបានផ្ទេរជាបន្តបន្ទាប់ពីថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម