Connect with us

កុមារ និងស្រ្តីមានផ្ទៃពោះ ជាង១លាននាក់ បានទទួលសេវាសុខភាព ដោយមិនគិតថ្លៃពីមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ ៖ នៅឆ្នាំ ២០១៨កន្លងទៅនេះ កុមារ និងស្រ្តីមានផ្ទៃពោះជាង ១លាននាក់ បានទទួល សេវាសុខភាពដោយមិនគិតថ្លៃពីមន្ទីរពេទ្យគន្ធបុប្ផា ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
តាមរបាយការណ៍បានឲ្យដឹងថាកុមារមានជំងឺចំនួន ៩៦១ ២៥៦ ករណី ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ក្នុងនោះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១៦១ ៤២៦ នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង កុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរចំនួន ១៤ ៦១៥ នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ។
ដោយឡែក ស្ត្រីមានផ្ទៃពោះចំនួន ១៥៤ ៨១៦ ករណី បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យា បាលនៅផ្នែកពិគ្រោះជំងឺក្រៅក្នុងមន្ទីរសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) និងស្ត្រីបានសម្រាលកូន មានចំនួន ២៧ ៣០៩ នាក់ ។ ជាមួយគ្នានេះ អត្រាមរណភាពកុមារនៅក្នុងមន្ទីរពេទ្យ បានថយចុះពី ០,២៥ ភាគរយក្នុងឆ្នាំ ២០១៧ មកនៅត្រឹម ០,២៣ ភាគរយក្នុងឆ្នាំ ២០១៨។
បើតាមរបាយការណ៍ ក៏បានអោយដឹងផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកា ១២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុង ១ថ្ងៃ ដែលជាការរួមចំណែកពីរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលស្វីស រួមនឹងថវិកាពីសប្បុរសជននានា ។
កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិគន្ធបុប្ផាសម្រាប់រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់វិភាគទាន ១ លានដុល្លារអាមេរិករៀងរាល់ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ដោយឡែក ថវិកាចំនួនជាង ៥លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាល ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានមកពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ ក្នុងឆ្នំា២០១៨កន្លងទៅ ។ កាលពីឆ្នាំ២០១៧ ថវិកាជាង ៤លានដុល្លារ បានពីការលក់ប័ណ្ណ ក៏ត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម