Connect with us

កង្វះអាហារូបត្ថម្ភ នៅតែជាបញ្ហាប្រឈម និងបានធ្វើអោយកម្ពុជា ខាតបង់ប្រមាណ២៥០លាន ដុល្លា ក្នុងមួយឆ្នាំ

ភ្នំពេញ ៖ ស្ថាប័នរដ្ឋ និង អង្គការសង្គមស៊ីវិល បានសម្តែងការព្រួយបារម្ភដូចគ្នា ទាក់ទិននឹង បញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារ និងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ខណៈដែលរបាយការណ៍ មួយបង្ហាញថា កុមារកម្ពុជា ៣២នាក់ ក្នុងចំណោម ១០០នាក់ បានប្រឈមនឹងកង្វះអាហារូបត្ថម្ភ ហើយប្រជាពលរដ្ឋភាគច្រើន មិនទាន់យល់ពីបញ្ហានេះ ។
ដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក លោក ហ៊ូ ក្រើន អ្នកសម្របសម្រួលសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN- CSA) តាមរយៈរបាយការណ៍ស្រាវជ្រាវនេះ បង្ហាញថា បញ្ហាកង្វះអាហារូបត្ថម្ភ មានអត្រាមួយដ៏ខ្ពស់ ដែលមិនអាចទទួលយកបានទេ ។ លោក ថា បញ្ហាកង្វះអាហារូបត្ថម្ភ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ការអភិវឌ្ឍផ្នែករាងកាយ ស្មារតីតែប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតភាពការងារ និង សេដ្ឋកិច្ចរបស់ប្រទេសទៀតផង ។
តាមការស្រាវជ្រាវនាពេលថ្មីៗនេះ បានបង្ហាញថា បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា ធ្វើឲ្យសេដ្ឋកិច្ចជាតិ ខាតបង់ចំនួន ២៥០ លានដុល្លារអាមេរិក ស្មើនឹង ១,៧ នៃផលិតផលក្នុងស្រុករបស់ កម្ពុជា ដែលការបាត់បង់នេះ ជាការបាត់បង់ជារៀងរាល់ឆ្នាំ ។
ស្រដៀងគ្នានេះដែរ លោកស្រី ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលត្រូវបានដកស្រង់សម្តី បានទទួលស្គាល់ថា អាហារូបត្ថម្ភ គឺជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់ព្រោះថា មានកុមារ ៣២ នាក់ក្នុងចំណោម ១០០ នាក់ មានបញ្ហាក្រិសក្រិន ។
លោកស្រីបន្ដថា អត្រាក្រិសក្រិនខ្ពស់នេះ គឺជាការគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ធនធានមនុស្ស និងការរីកចម្រើននៃប្រទេសជាតិទាំងមូល ។ ដូចនេះហើយទើបក្រសួងសុខាភិបាល បានខិតខំ និងបំផុសឲ្យមានការលើកកម្ពស់ការងារអាហារូបត្ថម្ភក្រោមកិច្ចសហការពេញលេញជាមួយសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភនៅកម្ពុជា ។
សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលអង្កេតសុខភាពប្រជាសាស្ត្រឆ្នាំ ២០១៤ របស់ក្រសួងផែនការ បានបង្ហាញថា អត្រាកុមារក្រិសក្រិន ត្រូវបានកាត់បន្ថយពីចំនួន ៥០% នៅឆ្នាំ ២០០០ មកត្រឹម ៣២% នៅឆ្នាំ ២០១៤, អត្រាកុមារមានទម្ងន់ទាប ត្រូវបានកាត់បន្ថយពីចំនួន ៣៩% នៅឆ្នាំ ២០០០ មកត្រឹម ២៤% នៅឆ្នាំ ២០១៤, អត្រាស្ត្រីក្នុងវ័យបន្តពូជកង្វះអាហារូបត្ថម្ភ ត្រូវបានកាត់បន្ថយពីចំនួន ២១% នៅឆ្នាំ ២០០០ មកត្រឹម ១៤% នៅឆ្នាំ ២០១៤, និង អត្រានៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ និងការបំបៅកូនដោយទឹកដោះម្ដាយក្នុងម៉ោងដំបូងក្រោយសម្រាលមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០០០ ដល់ ២០១០ ។បើទោះបីជាបញ្ហាក្រិសក្រិនរបស់កុមារ ថយចុះមកនៅត្រឹម ៣២% ក៏ដោយ ក៏អត្រានេះនៅតែមានកម្រិតខ្ពស់នៅឡើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម