Connect with us

រោងចក្រកែច្នៃផលិតផលកសិកម្ម នឹងបើកប្រតិបត្តិការជាបន្តបន្ទាប់នៅឆ្នាំ២០១៩នេះ ដែលនឹងជួយធានាដល់តម្លៃនិងទីផ្សារ សម្រាប់កសិករកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា មានសុទិដ្ឋិនិយមចំពោះទីផ្សារ និងតម្លៃផលិតផល កសិកម្មនៅក្នុងឆ្នាំ២០១៩នេះ ខណៈដែលរោងចក្រកែច្នៃផលិតផលកសិកម្មចំនួន ២ គ្រោងនឹង ចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំនេះ ។
បើតាមរបាយការណ៍ពីក្រសួងកសិកម្ម រោងចក្រកែច្នៃផ្លែឈើស្រស់របស់កូរ៉េខាងត្បូង មានតម្លៃ ១០ លានដុល្លារ នៅខេត្តកំពង់ស្ពឺ រំពឹងថា នឹងដំណើរការនៅក្នុងឆ្នាំនេះ ដែលអាចស្រូបយកផ្លែឈើជាង ៥០,០០០ តោនក្នុងមួយឆ្នាំ សម្រាប់នាំចេញ ដែលរួមមាន ផ្លែដូង ផ្លែទុរេន ផ្លែមង្ឃុត និងផ្លែឈើស្រស់ផ្សេងទៀត ។
ដោយឡែក ក្រុមហ៊ុន Green Leader Holdings Group Co Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង កំពុងសាងសង់រោងចក្រកែច្នៃដំឡូងមីដំបូងរបស់ខ្លួននៅខេត្តក្រចេះ ដោយវិនិយោគសរុប ១៥០ លានដុល្លារ នៅក្នុងឧស្សាហកម្មដំឡូងមីរបស់កម្ពុជា ។ រោងចក្រនៅខេត្តក្រចេះនេះរំពឹងថា នឹងបើកប្រតិបត្តិការនៅខែកុម្ភៈ ឆ្នាំ២០១៩ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានឲ្យដឹងថា ប្រសិនបើសម្លឹងមើលទៅឧស្សាហកម្មនេះទាំងមូល វិស័យនេះ មានរោងចក្រកែច្នៃផលិតផលកសិកម្មជាច្រើន ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំនេះ ដែលវានឹងធានាតម្លៃសម្រាប់កសិករ ។ ជាមួយនឹងការកែលម្អជាច្រើន លោក បង្ហាញពីសុទិដ្ឋិនិយមថា ឆ្នាំ២០១៩ នឹងជាឆ្នាំដំណើរការល្អមួយទៀតសម្រាប់វិស័យកសិកម្មកម្ពុជា ។
លោក ស្រី វុឌ្ឍី បានឲ្យដឹងថារោងចក្រទាំងនេះ នឹងនាំយកផលិតផលកសិកម្មកម្ពុជាកាន់តែច្រើនទៅទីផ្សារអន្តរជាតិ។
អ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានអះអាងផងដែរថា ផ្លែចេករបស់កម្ពុជា ក៏ត្រៀមរួចហើយដែរសម្រាប់ការនាំចេញនៅឆ្នាំនេះ ហើយក្រសួងកសិកម្ម នឹងកៀរគរវិនិយោគិនកាន់តែច្រើនឲ្យសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម