Connect with us

មន្ទីរធនធានទឹក កំពុងអន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំងប្រជាកសិករ ប្រមាណ១ម៉ឺនហិកតា

កំពង់ធំ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានកំពុងអន្តរាគមន៍ជួយសង្រ្គោះដំណាំ ស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណ ១ម៉ឺនហិកតា ដែលកំពុងខ្វះខាតទឹក ក្នុងស្រុកស្ទោង និង ស្រុកកំពង់ស្វាយ ។
បើតាមការផ្សព្វផ្សាយបានអោយដឹងថា មន្ទីរធនធានទឹកខេត្ត បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០២ គ្រឿង ដើម្បីដំណើរការបូមទឹកពីអាងទឹក ៣០កញ្ញា ទម្លាក់ចូលប្រឡាយមេទី ៣ នៃប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា ដើម្បីទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងមានតម្រូវការទឹកនៅតាមដងប្រឡាយមួយនេះ ។
សូមបញ្ជាក់ថា ប្រឡាយមេទី ៣ នៃប្រព័ន្ធធារាសាស្ត្រ ៣០កញ្ញា គឺមានប្រវែងប្រមាណ ២៤ គម លាតសន្ធឹងលើស្រុកស្ទោង និង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ប្រជាកសិករ បានធ្វើការដាំដុះដំណាំស្រូវប្រាំងនៅតាមដងប្រឡាយនេះ លើផ្ទៃដីប្រមាណ ១០.០០០ ហិកតា ។
មកដល់ពេលនេះ ដំណាំស្រូវទាំងនោះ មានអាយុកាលប្រមាណ ២ ខែហើយ នៅសល់ប្រមាណ ១ខែ និងត្រូវការទឹកស្រោចស្រព ២-៣ ដងទៀត ទើបដល់ពេលត្រូវប្រមូលផល ។
គួររំលឹកថា កាលពីពេលថ្មីៗនេះ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា គ្រោះរាំងស្ងួត បានអូសបន្លាយតាំងពីពាក់កណ្តាលរដូវវស្សា រហូតមកដល់ពេលនេះ បានបង្កអោយមានផលប៉ះពាល់ដល់ខេត្តចំនួន១៣ ក្នុងនោះ ខេត្តកំពង់ចាម រងគ្រោះខ្លាំងជាងគេ បន្ទាប់មកគឺខេត្តបាត់ដំបង ត្បូងឃ្មុំ និងខេត្តកំពង់ធំ ។
បើតាម លោក កែវ វី បានអោយដឹងថា ចាប់តាំងពីពាក់កណ្ដាលរដូវវស្សា ទឹកភ្លៀងបានចុះថមថយមកវិញ និង មានភាពរាំងស្ងួតដោយកន្លែង ពិសេសនៅចុងរដូវវស្សានេះ អាកាសធាតុចាប់ផ្ដើមប្រែប្រួល ឡើងកម្តៅភ្លាមៗដែលធ្វើឲ្យមានការរីងហួតទឹកពីបឹងបួយ៉ាងឆាប់រហ័ស ។
មកទល់ពេលនេះ ក្រសួងធនធានទឹក និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងបន្តជីកស្ដារប្រព័ន្ធស្រោចស្រព និងបូមទឹកពីអាងស្តុកទឹកធំៗដើម្បីនាំទឹកទៅជួយសង្គ្រោះស្រូវដែលកំពុងជួបគ្រោះរាំងស្ងួតទាំងនោះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម