Connect with us

ហេតុអ្វីដើមឈើដែលត្រូវគេស្រោចទឹកច្រើនបែរជាមិនអាចធន់នឹងព្យុះ?

ថ្ងៃនេះយើងសូមសបង្ហាញប្រិយមិត្តអ្នកអានអំពីអត្ថបទមួយដែលបង្កប់នូវតម្លៃទស្សនៈជ្រាលជ្រៅទាក់ទងនឹងការកសាងខ្លួនឯង និងបណ្ដុះកូនចៅ។ នោះគឺរឿង បុរសពីរនាក់ដាំដើមឈើ។
មានបុរស ២នាក់ រស់នៅក្នុងភូមិមួយផ្ទះក្បែរគ្នា។ ម្នាក់ជាអ្នករកស៊ីលក់ដូរ និងម្នាក់ជាកសិករមានជំនាញដាំបន្លែបង្ការ។ ពួកគាត់ទាំងពីរនាក់ បានដាំដើមឈើម្នាក់មួយដើមក្នុងចំការដំណាំរៀងៗខ្លួន ស្របពេលជាមួយគ្នា និងមានពូជ ក៏ដូចជាទំហំប៉ុនៗគ្នា។

ក៏ប៉ុន្តែទាំងបុរសអ្នករកស៊ី និងបុរសកសិករមានបច្ចេកទេសដាំ និងរបៀបថែរក្សាផ្សេងពីគ្នា។ បុរសអ្នករកស៊ីស្រោចទឹកច្រើន និងមើលថែយ៉ាងជាប់លាប់មិនលោះថ្ងៃ ចំណែកបុរសកសិករស្រោចទឹកតិចៗ ហើយក៏មិនសូវចំណាយពេលវេលាច្រើនមើលថែតាមដានវាដែរ។

មួយរយៈកន្លងទៅ ដើមឈើរបស់បុរសអ្នករកស៊ី បានលូតខ្ពស់ និងមានស្លឹកពណ៌បៃតងល្អស្រស់បំព្រង ឯដើមឈើរបស់បុរសកសិករមើលទៅធម្មតា។
តែនាយប់មួយ មានភ្លៀងកក់ខែធ្លាក់យ៉ាងខ្លាំងលាយឡំនឹងខ្យល់បោកបក់ដូចព្យុះ។ លុះដល់ព្រឹកឡើង អ្នកទាំងពីរបានចេញមកមើល ក៏ឃើញការខូចខាតដើមឈើក្នុងច្បារដំណាំរបស់ពួកគេ។

ក៍ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីពិនិត្យរួចពួកគេឃើញលទ្ធផលខូចខាតខុសគ្នាខ្លាំង ដោយដើមឈើរបស់បុរសអ្នករកស៊ីរលំឫសដួលរាបលើដី ខណៈដើមឈើកសិករបែរជាមិនមានខូចខាតអ្វីទាំងអស់ ដោយគ្រាន់ជ្រុះស្លឹកតិចៗ តែនៅឈរហ្នឹងថ្កល់យ៉ាងរឹងមាំ។

បុរសអ្នករកស៊ីមានការភ្ញាក់ផ្អើលខ្លាំងពេលឃើញសភាពដើមឈើខ្លួនទៅជាបែបនេះ រួចគាត់ក៏បានដាច់ចិត្តចូលទៅសួរបុរសកសិករត្រង់ៗថា “យើងទាំងពីរនាក់ បានដាំដើមឈើដូចគ្នាពេលតែមួយ ហើយខ្ញុំតែងតែមើលថែដើមឈើរបស់ខ្ញុំបានល្អណាស់ ហើយស្រោចដាក់ជីក៏បានច្រើនជាប្រចាំដែរ សឹងថាល្អជាងដើមឈើលោកបងផង។ ហេតុអ្វីក្រោយព្យុះភ្លៀងមួយមេយប់មិញដើមឈើរបស់ខ្ញុំរលើងឫសទៅវិញ ឯដើមឈើរបស់លោកបងបែរនៅឈរមាំទៅដដែល?”
កសិករបានញញឹម រួចឆ្លើយថា “ ពិតណាស់ខ្ញុំឃើញលោកថែវាបានដិតដល់ណាស់ តែដោយសារតែថែវាពេកនេះហើយ ទើបវាមិនអាចរឹងមាំពេលជួបព្យុះភ្លៀង។ ខ្ញុំចង់ចែកបទពិសោធន៍ទៅលោកថា បើលោកចង់ឱ្យដើមឈើរឹងមាំល្អ កុំបាច់ចំណាយពេលច្រើនជាមួយវាអី។ ចំពោះដើមឈើខ្ញុំ ខ្ញុំស្រោចទឹកល្មមៗទេ តែធ្វើដូចនោះឫសរបស់វានឹងខំប្រឹងចាក់ចូលទៅក្នុងដីដ៏ជ្រៅដើម្បីស្វែងរកប្រភពទឹកបន្ថែមដោយខ្លួនឯង ធ្វើឱ្យដើមរបស់វាកាន់តែមាំអាចទប់កម្លាំងខ្យល់ ដូច្នេះហើយទើបវាអាចនៅឈររឹងមាំទប់នឹងព្យុះយប់មិញរហូតពេលនេះបាន។

តម្លៃអប់រំ៖ រឿងនេះចង់បង្ហាញតម្លៃអប់រំពីរធំៗ។ ទីមួយ មនុស្សម្នាក់ៗមានជំនាញពិសេសរៀងៗខ្លួន។ កសិករបើទោះបីជាមិនសូវរកចំណូលបានឬមិនសូវពូកែរកស៊ីដូចអ្នកជំនួញ តែក៏គេមានជំនាញដែលអ្នកជំនួញមិនអាចធ្វើដូច តួយ៉ាងដូចការដាំដើមឈើនេះអញ្ជឹង។
ទីពីរ តាមរយៈការថែទាំដើមឈើនេះ យើងអាចយកមកប្រៀបនឹងការចិញ្ចឹមកូនចៅយើងបាន។ បើសិនយើងទំរើស និងមើលថែទាំពេក កូនចៅយើងនឹងប្រែជាទន់ជ្រាយមិនខុសពីដើមឈើដែលមានការស្រោចទឹកច្រើនពេក នាំឱ្យទន់ឫសមិនអាចធននឹងព្យុះបាន។ តែបើមានការថែទាំសមល្មម និងឱ្យពួកគេចេះប្រឈមនឹងឧបសគ្គលំបាកដោយខ្លួនឯង នោះគេនឹងមិនខុសពីដើមឈើដែលចេះចាក់ ឫសចូលដីរកទឹកបន្ថែមដោយខ្លួនឯងអាចទប់ទល់នឹងព្យុះភ្លៀងបាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម