Connect with us

អ្នកផលិតឱសថ ស្នើក្រសួងសុខាភិបាល ចាត់វិធានការណ៍តឹងរឹង សម្រាប់ការលក់ឱសថនៅលើ ទីផ្សារ

ភ្នំពេញ ៖ អគ្គនាយកសហគ្រាសផលិតថ្នាំពេទ្យ បានស្នើអោយក្រសួងសុខាភិបាល ចាត់វិធាន ការណ៍ឲ្យបានហ្មត់ចត់ សម្រាប់ការលក់ឱសថនៅលើទីផ្សារ និង ការត្រួតពិនិត្យចំពោះការនាំចូល និងអនុវត្តទៅតាមនីតិវិធីដើម្បីធានាឲ្យបានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃឱសថ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក នៅពេលថ្មីៗនេះ លោក ហៃ លីអ៊ាង អគ្គនាយកសហគ្រាសផលិតឱសថ PPM បានលើកឡើងថា ចំពោះចរាចរឱសថក្លែងក្លាយ និងការហូរចូលឱសថដោយសេរី ជាកត្តាប្រឈម និង ហានិភ័យចំពោះអ្នកប្រើប្រាស់ ។ មានឱសថរាប់ពាន់ប្រភេទ ដែលមានលក់លើទីផ្សារ និងតាម Online ដែលយើងពុំដឹងពីប្រវត្តិ និង ប្រភពនៃការផលិត ការត្រួតពិនិត្យពីគុណភាព ប្រសិទ្ធភាព និង សុវត្ថិភាពរបស់ឱសថនោះទេ។
លោក ហៃ លីអ៊ាង ចាត់ទុកបញ្ហាទាំងនេះ គឺជាការព្រួយបារម្ភ និង ហានិភ័យចំពោះអ្នកប្រើ ប្រាស់ ។ មិនតែប៉ុណ្ណោះ លោក ឃើញរហូតដល់មានការផ្សព្វផ្សាយតាមរយៈ Facebook និងវិទ្យុអំពីការព្យាបាលជំងឺគ្រប់ប្រភេទ និង ជំងឺមហារីកទៀតផង ។ នេះគឺហួសពីក្រមសីលធម៌ ហើយជាឃាតករ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ ។
ក្នុងនាមជាអ្នកផលិតឱសថ លោក ថា ការហូរចូលក្នុងទីផ្សារឱសថដោយសេរី និងចរាចរឱសថក្លែងក្លាយ ពិតជាប៉ះពាល់ដល់ទីផ្សារ ផលិតកម្ម និងកេរ្តិ៍ឈ្មោះ ហើយអ្នកប្រើប្រាស់អាចយល់ច្រឡំ និងបាត់ជំនឿដល់ប្រសិទ្ធភាពថ្នាំ ។
ក្នុងន័យនេះ លោក ហៃ លីអ៊ាង បានស្នើក្រសួងសុខាភិបាល គួរតែចាត់វិធានការឲ្យបានហ្មត់ចត់ តាមដាន និង ត្រួតពិនិត្យការលក់ឱសថនៅលើទីផ្សារ និង ការត្រួតពិនិត្យចំពោះការនាំចូល និងអនុវត្តទៅតាមនីតិវិធី ។ ការចាត់វិធានការទៅតាមច្បាប់ ដូចជា ការបង់ពន្ធ និងការសុំអនុញ្ញាតផ្សេងៗ នឹងធានាឲ្យមានការប្រកួតប្រជែងស្មើភាពនៅលើទីផ្សារ ចំពោះផលិតករនៅក្នុងស្រុក ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើផ្តន្ទាទោស ជនល្មើសចរាចរឱសថក្លែងក្លាយ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម នៅលើទីផ្សារអនឡាញ ។
សម្តេចតេជោ បានលើកឡើងថា ឱសថ មានសារសំខាន់សម្រាប់ព្យាបាលជំងឺ ប៉ុន្តែឱសថក្លែងក្លាយ កំពុងក្លាយទៅជាការបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ និងរាំងស្ទះ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឱសថក្លែងក្លាយ កំពុងចរាចរណ៍យ៉ាងសកម្ម នៅតាមទីផ្សារអនឡាញ ហើយការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឱសថក្លែងក្លាយនេះ មិនអាចប្រទេសណាមួយ ធ្វើតែឯង ហើយទទួលបានជោគជ័យនោះទេ គឺត្រូវមានការរួមសហការគ្នាឲ្យកាន់តែខ្លាំងក្លា។ ជាងនេះទៅទៀត កង្វះនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធ ជាហេតុនាំឲ្យការអនុវត្តន៍វិធានការបង្រ្កាបឱសថក្លែងក្លាយ មិនទទួលបានប្រសិទ្ធភាព ។
គួររំលឹកថា កាលពីឆ្នាំមុន ឱសថចំនួន ២៣មុខ មានចំនួន ៥០០កេស ស្មើរនឹងជាង ១លាន ៣ សែនគ្រាប់ និង ជិត ៧ម៉ឺនកញ្ចប់ ត្រូវបានសមត្ថកិច្ចរកឃើញថា បានធ្វើការវេចខ្ចប់ដោយខុសច្បាប់ នៅទីតាំងមួយកន្លែងក្នុងសង្កាត់អូរបែកខ្អម ខណ្ឌសែនសុខ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម