សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពចំនួន ៦ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ
ភ្នំពេញ ៖ សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពចំនួន ៦ នឹងទទួលបានការលើកទឹក ចិត្តផ្នែកពន្ធដារ ពីរាជរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមសិក្ខាសាលា ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ៨ ខែ មករា ឆ្នាំ២០១៩នេះ ។
វិស័យអាទិភាពសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមាន ៖
- (១) ផលិតផលកសិកម្ម ឬ កសិ-ឧស្សាហកម្ម
- (២) ផលិត និងកែច្នៃម្ហូបអាហារ
- (៣) កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
- (៤) កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬ ផ្នែក ឬ គ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត
- (៥) ស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍
- (៦) សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និង សហគ្រាសដែលអភិវឌ្ឍតំបន់នេះ ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានអោយដឹងថា សហគ្រាសធុនតូច និងមធ្យម ក្នុងវិ ស័យទាំងនេះ អាចទទួលបាននូវការលើកទឹកចិត្តដូចជា៖ (១) លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៣ (បី) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះ ចូលជាធរមាន ឬ (២) លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់ សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖
- ប្រើវត្ថុធាតុដើមក្នុងស្រុក ចាប់ពី ៦០%ឡើងទៅ ឬ
- បង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬ
- មានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)
(៣) លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ។
(៤) លើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម៖
- ក- អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន
- ខ- អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជីគណនេយ្យ ឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត
- គ- អនុញ្ញាតកាត់កងចំណាយ ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬ ឧបករណ៍បច្ចេកវិទ្យា ដែលមានលក្ខណៈនវានុវត្តន៍ សម្រាប់បម្រើនិងលើកកម្ពស់ផលិតភាពផលិតកម្ម ។
ក្នុងការទទួលបានការលើកទឹកចិត្តដូចបានរៀបរាប់ខាងលើ, សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ទៅតាមកាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល និង ត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន ។
ផ្ទុយទៅវិញ សហគ្រាសធុនតូច និងមធ្យម ដែលមិនបានបំពេញលក្ខខណ្ឌដូចបានកំណត់នៅក្នុងអនុក្រឹត្យនេះ ឬ ខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនានា ដូចមានចែងក្នុងច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ ការលើកទឹកចិត្តដែលបានផ្តល់ជូន នឹងត្រូវបានដកហូតវិញ ។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច ក៏បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម បានជ្រាបជាព័ត៌មាន និង អាចចាប់យកនូវអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច, បង្កើតការងារបន្ថែម និង បង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ។
គួររំលឹកផងដែរថា ក្រៅពីការលើកទឹកចិត្តផ្នែកពន្ធដារ រាជរដ្ឋាភិបាល ក៏បានរៀបចំបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ, ធនាគារសហគ្រាសធុនតូច និងមធ្យម, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង មជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជាផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍