Connect with us

កាស៊ីណូកម្ពស់ ១៨ជាន់ នៅក្រុងប៉ោយប៉ែត ត្រូវបានបិទជាបណ្តោះអាសន្នក្រោយមានភ្លើងឆេះ

បន្ទាយមានជ័យ ៖ កាស៊ីណូ កម្ពស់១៨ជាន់ នៅក្រុងប៉ោយប៉ែត ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយកើតមានអគ្គិភ័យឆាបឆេះ នៅយប់ម៉ិញនេះ ដែលបណ្តាលអោយមនុស្ស ៦នាក់ បានរង របួស ។
សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការ ក៏បានអោយដឹងថា មានភ្ញៀវទេសចរចិន រាប់រយនាក់ បាន ជាប់គាំងលើអាគារកាស៊ីណូនេះ អំឡុងពេលមានអគ្គិភ័យ ហើយសមត្ថកិច្ចបានចំណាយពេល ជិត ៤ម៉ោង ដើម្បីជួយជន្លៀសពួកគេចេញពីអាគារ មកកាន់កន្លែងសុវត្ថិភាព ។
បើតាម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះថា ករណីអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បណ្តាលឲ្យមានមនុស្ស៦នាក់រងរបួស ក្នុងនោះ មានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ ។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដីថ្មី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើង និង ខូចខាតសម្ភារមួយចំនួន។


លោកស្នងការ បានបញ្ជាក់ទៀតថា អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោង៩៖៣៥នាទីយប់ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤នៃអាគារ ។
អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចពន្លត់បានទាំងស្រុង នៅម៉ោងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១០គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាល៧គ្រឿង និងរថយន្តរបស់កាស៊ីណូ៣គ្រឿង ។
យ៉ាងណា សមត្ថកិច្ច មិនទាន់បញ្ជាក់លម្អិតពីទំហំនៃការខូចខាត ដែលបង្កឡើងដោយគ្រោះអគ្គិភ័យនេះឡើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម