Connect with us

អ្នកធ្វើដំណើរតាមរថភ្លើងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមានភាពកាន់តែងាយស្រួល ជាមួយរថភ្លើងTramway ស៊េរីទំនើប ៣គ្រឿង

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ រថភ្លើងTramway ស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិកស៊ិក បានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ ។ រថភ្លើងស៊េរីទំនើបនេះ នឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។


សូមជម្រាបថា រថភ្លើង Tramway ថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺ មុខមួយ និងក្រោយមួយ ហើយបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និង ទំនើប ទាំងទ្វារស្វ័យប្រវត្តិ, ជណ្តើរ, កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក, កន្លែងដាក់អីវ៉ាន់, ប្រព័ន្ធអ៊ីនធឺណិត Wifi, ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ ។ រថភ្លើង Tramway ថ្មីនេះ រត់បានល្បឿនលឿន ដោយចំណាយពេលត្រឹមតែ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ នៅឯស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីផ្លូវរថភ្លើង Tramway ដោយ ផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុងការរៀបចំ យុទ្ធនាការផ្សព្វផ្សាយអំពីរថភ្លើងប្រភេទថ្មី Tram ។ ក្នុងនោះ រួមមាន ការរៀបចំលិខិតបទដ្ឋាន និង វិធានសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិតវីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឲ្យដំណើរការរថភ្លើងប្រភេទ Tram និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ ។


គួររំលឹកថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway បានដាក់ឲ្យ ដំណើរការរថភ្លើងធុនស្រាលដឹកអ្នកដំណើរពីស្ថានីយនៅក្នុងសង្កាត់ស្រះចក ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ដែលជា ទូទៅមួយថ្ងៃ រថភ្លើងនេះ រត់បានជាមធ្យម ២០ជើង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម