Connect with us

សម្តេចតេជោ ៖ ប្រាក់អតីតភាព នឹងមិនបាត់បង់ទៅណាទេ គឺ នឹងបើករយៈពេល៦ខែ ចាប់ពីឆ្នាំ២០១៩នេះទៅ

ខេត្តតាកែវ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើដល់កម្មករកម្មការនីយោគយល់ កុំចាប់បង្ខំឲ្យថៅកែរោងចក្រ បើកប្រាក់អតីតភាព ផ្តាច់ត្រឹមឆ្នាំ២០១៨ ។ សម្តេចនាយករដ្ឋមន្ត្រី បានធានាថា ប្រាក់អតីតភាពនោះ នឹងមិនបាត់បង់ទៅណាទេ គឺ នឹងបើករយៈពេល៦ខែ ចាប់ពីឆ្នាំ២០១៩នេះទៅ ។
ការស្នើរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈដែលសម្តេចបានចុះជួបសំណេះសំណាលជាមួយកម្មករកម្មការនី សរុបប្រមាណ ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ៩ ខែមករានេះ ។


សម្តេចតេជោ ហ៊ុន សែន បានសួរកម្មករថា តើចង់ប្រមូលប្រាក់អតីតភាពតែក្នុងមួយពេល ហើយឲ្យរោងចក្រត្រូវបិទទ្វារតែម្តងឬយ៉ាងណា ? សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើធ្វើតាមការទាមទាររបស់កម្មករកម្មការិនីនេះ នឹងធ្វើឲ្យរោងចក្រប្រមាណ ២ភាគ៣ នឹងត្រូវបិទទ្វារ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើរោងចក្រត្រូវបិទទ្វារ អ្នកដែលជួបការលំបាកមុនគេ គឺ កម្មករ។ ជាមួយនេះ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រ មាណ ២២លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាប្រាក់ខែ និងប្រាក់អតីតភាពនៅពេលថៅកែរត់ចោលរោងចក្រ។
ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហជីពដែលកំពុងធ្វើចលនាឲ្យកម្មករទាមទារបើកប្រាក់អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន និងបានអំពាវនាវទៅដល់កម្មករ កម្មការិនី ថា បើមានសហជីពណា ដឹកនាំទៅរកស្ថានភាពអាក្រក់កុំជឿតាមការអូសទាញរបស់សហជីពនោះ ។


គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្នើឲ្យកម្មករកុំមានការបារម្ភទាក់ទងនឹងអត្ថប្រយោជន៍របស់កម្មករអំឡុងពេលនៃការទូទាត់ប្រាក់បំណាច់ ប្រាក់អតីតភាព និងជំរុញឲ្យកម្មករចៀសវាងការចាញ់បោកការញុះញង់ ។ ការចេញសេចក្តីប្រកាសព័ត៌មាននេះ គឺបន្ទាប់ពីមានសហជីពមួយចំនួន បានបំផុស កម្មករកម្មការនី អោយធ្វើការតវ៉ា បើកប្រាក់អតីតភាព ផ្តាច់ត្រឹមឆ្នាំ២០១៨ ។
សេចក្តីប្រកាសព័ត៌មាននេះ ក៏ត្រូវបានផ្សព្វផ្សាយក្រោយពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ ស្នើសុំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តឲ្យបានហ្មត់ចត់ចំពោះការបើករំឭកប្រាក់បំណាច់អតីតភាពការងារដែលត្រូវអនុវត្តពីឆ្នាំ ២០១៩ របស់កម្មករនិយោជិត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា កម្មករនិយោជិតមានកិច្ចសន្យារយៈពេលវែង នឹងទទួលបានការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ២ ដងក្នុង ១ ឆ្នាំ គឺក្នុងខែ មិថុនា និងខែធ្នូដោយនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីខែមិថុនាឆ្នាំ ២០១៩ តទៅ ។


ចំពោះការទូទាត់បើករំឭកប្រាក់បំណាច់អតីតភាពការងាររបស់កម្មករនិយោជិត ដែលមានមុនឆ្នាំ ២០១៩ ក្រសួង កំពុងធ្វើការពិភាក្សាជាមួយវិស័យឯកជន ដើម្បីកំណត់កាលវិភាគជាក់លាក់មួយក្នុងការតម្រូវឲ្យសហគ្រាសគ្រឹះស្ថាន អនុវត្តកាតព្វកិច្ចបើករំឭកប្រាក់បំណាច់អតីតភាពការងារ។
សេចក្តីប្រកាសព័ត៌មាន ក៏បានអះអាងថា ក្នុងអំឡុងពេលនៃការទូទាត់បើករំឭកប្រាក់បំណាច់អតីតភាពការងារនេះ ក្រសួងសូមធានាចំពោះអត្ថប្រយោជន៍ស្របច្បាប់នានា ដែលកម្មករនិយោជិតមាន ហើយដែលសហគ្រាស គ្រឹះស្ថានក្ស័យធន ឬ បិទទ្វារណាមួយ មិនទាន់បានទូទាត់ជូនកម្មករនិយោជិត ៕   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម