Connect with us

នាវាកងទ័ពជើងទឹកចិន ចំនួន ៣ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ៣ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ៤ ថ្ងៃ ដែលជាការបំពេញទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីទៅលើផ្នែកយោធានៃប្រទេសទាំង ២ ។
ដំណើរទស្សនកិច្ចនេះ បានកើតឡើងចំពេលសមភាគីកម្ពុជាសម្ពោធសមិទ្ធផលថ្មីមួយចំនួននៅក្នុងតំបន់កោះរ៉ុង នេះបើយោងតាមការឲ្យដឹងពីឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន ។


ឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា នាវាកងទ័ពជើងទឹករបស់ប្រទេសចិនចំនួន ៣ គ្រឿងបានមកសុំចូលចតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ នៅកំពង់ផែដែនសមុទ្រខេត្តព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចនៅក្នុងខេត្តនេះ។
ឧត្តមនាវីឯក ទៀ សុខា ទៀ សុខា បានបញ្ជាក់ថា នាវាចិនទាំង ៣ គ្រឿងនេះ មិនមានបំណងអ្វីគួរឲ្យកត់សម្គាល់ ឬ មកប្រារព្ធពិធីសមយុទ្ធនៅក្នុងដែនសមុទ្រកម្ពុជាទេ។ លោក ថា វាជារឿងធម្មតាទេ ដែលប្រទេសកម្ពុជា តែងតែទទួលរាក់ទាក់ចំពោះភ្ញៀវបរទេសគ្រប់ៗគ្នា ដោយក្នុង មួយឆ្នាំៗ តែងតែមាននាវាកងទ័ពពីប្រទេសផ្សេងៗនៅអឺរ៉ុប និងអាស៊ីមកសុំចូលចត ។


តាមរបាយការណ៍របស់ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបង្ហាញឲ្យដឹងថានាវាទី ១ ឈ្មោះ Plans Wuhu (FFG-539) មានបណ្ដោយ ១៣៥ ម៉ែត្រ និងទទឹង ១៦ ម៉ែត្រប្រើប្រាស់ជម្រៅទឹក ៦ ម៉ែត្រ និងទម្ងន់ផ្ទុក ៤ ១០០ តោន មេបញ្ជាការបញ្ជាដោយលោកវរនាវីឯក Yang Kai។ នាវាទី ២ ឈ្មោះ Plans Handan (FFG-579) មានបណ្ដាយ ១៣៥ ម៉ែត្រទទឹង ១៦ ម៉ែត្រប្រើប្រាស់ជម្រៅទឹក ៦ ម៉ែត្រទម្ងន់ផ្ទុក ៤ ១០០ តោនដែលមានមេបញ្ជាការឈ្មោះលោកវរនាវីទោ Zhao Shu Qian និង ទី ៣ នាវាឈ្មោះ Plans Dong Ping Lake (AOR 960) បណ្ដោយ ១៧៩ ម៉ែត្រ ទទឹង ២៥ ម៉ែត្រប្រើប្រាស់ជម្រៅទឹក ១០ ម៉ែត្រ ទម្ងន់ផ្ទុក ២០ ៥០០ តោនដែលមានមេបញ្ជាការលោកវរនាវីទោ Zhou Xiao Hui ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម