Connect with us

អង្គការសប្បុរសធម៌ជប៉ុន សន្យាជួយពង្រឹងផ្នែកអប់រំដល់កុមារក្រីក្រ នៅតាមសហគមន៍ និងការបង្កើតមជ្ឈមណ្ឌលកុមារកំព្រា

ភ្នំពេញ ៖ អង្គការសប្បុរសធម៌របស់ជប៉ុនមួយ បានសន្យាជួយដល់ក្រសួងសង្គមកិច្ចកម្ពុជា លើការពង្រឹងផ្នែកសិក្សាអប់រំដល់កុមារក្រីក្រនៅតាមសហគមន៍ និងការបង្កើតមជ្ឈមណ្ឌលកុមារ កំព្រានៅតាមទីជនបទ ។ ការសន្យានេះ បានធ្វើឡើងដោយលោក វាតាណា មិគិ អគ្គនាយកអង្គការ School Aid Japan ក្នុងឪកាសជួបពិភាក្សាការងារជាមួយនឹងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៩ ។
លោក វាតាណា មិគិ បានលើកឡើងថា អង្គការ School Aid Japan មានគោលដៅជួយដល់កុមារកម្ពុជា ជាពិសេសលើការអប់រំ ។ កន្លងមក អង្គការរបស់លោក បានជួយដល់ការកសាងសាលារៀន និង មណ្ឌលកុមារកំព្រា ជាច្រើនរួចមកហើយ ។ លោកថា ការជួយកម្ពុជានាពេលនេះ គឺចង់ឲ្យកុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សី ទទួលបានការរស់នៅ និង ការអប់រំមួយប្រកបទៅដោយភាពល្អប្រសើរ ។
លោក បានបន្តថា អង្គការ School Aid Japan នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ តទៅមុខទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើវិស័យអប់រំ និងវិស័យសង្គមកិច្ច ។ លោកអគ្គនាយក បន្ថែមថា កម្ពុជា ជាប្រទេសមួយដែលមានអរិយធម៌ល្អ ដូចនេះ កុមារនៅកម្ពុជា ក៏ត្រូវតែមានការរីកចម្រើន និង ការលូតលាស់ទៅ បានល្អដូចគ្នា ។ លោក រដ្ឋមន្រ្តី វង សូត បានលើកឡើងថា កន្លងមក អង្គការ School Aid Japan បានជួយសាលារៀន ក៏ដូចជា មតេ្តយ្យសាលាដល់កម្ពុជាជាច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នេះជាការចួលរួមចំណែកយ៉ាងល្អ ជួយទៅដល់កុមារកម្ពុជា ។ ការជួយរបស់អង្គការលើវិស័យអប់រំ និងវិស័យសង្គមកិច្ចនៅកម្ពុជា នាពេលនេះ បានបង្ហាញឲ្យឃើញពីឧត្តមភាព និងការទំនាក់ទំនងជាមួយគ្នាកាន់តែជិតសិទ្នបន្តទៅមុខទៀត ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្តថា ក្រុមការងាររបស់ក្រសួង រីករាយក្នុងការសហការបន្តទៀតជាមួយអង្គការ School Aid Japan ហើយនៅមានកិច្ចការងារដែលនឹងបន្តសហការគ្នា នៅឆ្នាំបន្តបន្ទាប់ទៀត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម