Connect with us

អ្នកដាំដំណាំស្វាយ កុំបារម្ភ ខណៈទីផ្សារផ្លែស្វាយរបស់កម្ពុជា នឹងកាន់តែមានស្ថិរភាព

ភ្នំពេញ ៖ បើទោះបីជាការដាំដុះដំណាំស្វាយនៅក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ប៉ុន្តែទីផ្សារសម្រាប់ដំណាំហូបផ្លែមួយនេះ នៅតែបង្ហាញពីសញ្ញាល្អ ទាំងតម្រូវការក្នុងស្រុក និង ការនាំចេញ ជាពិសេសទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង និង ចិន ។ យ៉ាងណាមិញ ក្រុមហ៊ុន LBN Agriculture Co., Ltd បាន និងកំពុងធ្វើការកែច្នៃផលិតជាដំណាប់ស្វាយសម្រាប់នាំចេញទៅក្រៅប្រទេស ពិសេសប្រទេសចិន ។ ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនមានតម្រូវការស្វាយស្រស់ប្រមាណ ២០តោនក្នុងមួយថ្ងៃ សម្រាប់យកមកធ្វើជាដំណាប់ស្វាយ ហើយដែលផ្លែស្វាយ ត្រូវបានប្រមូលទិញពីតំបន់នានាក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងកំពង់ស្ពឺ។


គម្រោងវិនិយោគនេះ បានបង្កើតការងារជូនប្រជាជននៅក្នុងមូលដ្ឋានប្រមាណ ៤០០នាក់ ដែលក្នុងនោះ ចំនួនប្រមាណ ៩០% ជាស្រ្តី ។ ក្រៅពីដំណាប់ស្វាយ ក្រុមហ៊ុន ក៏មានគម្រោងផលិតគ្រាប់ស្វាយចន្ទី និងដំណាប់ផ្លែក្រូចវល្លិ៍ (Passion Fruit) នៅជំហានបន្ទាប់ផងដែរ ។ គម្រោងកែច្នៃផ្លែឈើ បង្កើតជាដំណាប់ស្វាយរបស់ក្រុមហ៊ុន LBN Agriculture Co., Ltd នាពេលនេះ បាននិងកំពុងចូលរួមចំណែកដល់ការកែច្នៃផលិតផលកសិកម្មដ៏មានសក្តានុពលរបស់ កម្ពុជា និង ចូលរួមជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ឱ្យ សម្រេចបានជោគជ័យផងដែរ។
ក្រុមហ៊ុន LBN Agriculture Co., Ltd មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃុំ។ ចំណែកក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ដែលក្រុមហ៊ុនកូរ៉េមួយធ្វើការវិនិយោគទៅលើការដាំដំណាំស្វាយ មានទីតាំងវិនិយោគស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏នឹងធ្វើការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េនៅឆ្នាំនេះដែរ។


ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានបោះទុនប្រមាណ ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រលាងសម្អាត និងកម្ចាត់មេរោគលើផ្លែឈើស្រស់ នៅខេត្តកំពង់ស្ពឺ ដែលចាប់ផ្តើមដំណើរការនៅចុងខែធ្នូ ២០១៨។ ក្រុមហ៊ុននេះ មានផែនការនាំចេញផ្លែស្វាយ ២ម៉ឺនតោន ទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារប្រទេសកូរ៉េ។ បច្ចុប្បន្នផ្លែស្វាយរបស់កម្ពុជា ភាគច្រើនត្រូវបានឈ្មួញនាំយកទៅលក់នៅប្រទេសវៀតណាម និងថៃ រួចត្រូវគេនាំចេញបន្តទៅកាន់ប្រទេសចិន ដែលជាទីផ្សារមានតម្រូវការផ្លែស្វាយដ៏ធំរបស់ពិភពលោក។
របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយប្រមាណ ៧ម៉ឺន ៧៤២១តោន កាលពីឆ្នាំ ២០១៧ បានកើនឡើងជិត ៣ដង បើធៀបនឹង ២ម៉ឺន ២១១៤តោន កាលពីឆ្នាំ ២០១៦។ របាយការណ៍ដដែលឲ្យដឹងទៀតថា ការដាំដុះស្វាយមានប្រមាណ ជាង១៥ម៉ឺនហិកតា នៅឆ្នាំ ២០១៧៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម