Connect with us

ធនាគារឯកទេស Wing ចាប់ដៃគូរជាមួយ MoneyGram ដើម្បីផ្តល់នូវជម្រើសបន្ថែមនៃសេវាកម្មផ្ទេរប្រាក់អន្តរជាតិ

ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកធនាគារចល័តនៅកម្ពុជា បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន MoneyGram ដើម្បីផ្តល់នូវជម្រើសបន្ថែមនៃសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ដែលមានភាពងាយស្រួល។
ភាពជាដៃគូនេះ នឹងនាំមកនូវភាពងាយស្រួលបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅក្រៅប្រទេស ហើយមានតម្រូវការផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ ដែលរស់នៅប្រទេសកម្ពុជា ។


បច្ចុប្បន្ន អតិថិជននៅកម្ពុជា អាចទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈក្រុមហ៊ុន MoneyGram នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីង ។ ប៉ុន្តែពេលបន្តិចទៀតនេះ អតិថិជនក៏អាចទទួលបានសេវាកម្មនេះ នៅតាមភ្នាក់ងារវីង ទូទាំងប្រទេសកម្ពុជា។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា វាគឺជាកិត្តិយសមួយសម្រាប់ធនាគារឯកទេសវីង ក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន MoneyGram ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ធំបំផុតមួយនៅលើពិភពលោក ដើម្បីចូលរួមចំណែក ដល់ការដាក់បញ្ចូលហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា ។
លោក ម៉ាឡូឡូស មានប្រសាសន៍បន្តថា “ក្នុងនាមជាក្រុមហ៊ុនមួយដែលផ្តល់ជាសេវាកម្មសម្រាប់អតិថិជនដែលមិនមាន និង មិនស្ថិតនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា យើងសង្ឃឹមថាភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពជាច្រើន សម្រាប់អតិថិជនរាប់ពាន់នាក់របស់យើងដែលជីវភាពរស់នៅរបស់ពួកគេបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីក្រុមហ៊ុនបានណែនាំសេវាផ្ទេរប្រាក់អន្តរជាតិ កាលពីមួយឆ្នាំមុន “។


លោក Sukesh Malliah នាយកគ្រប់គ្រងនៃក្រុមហ៊ុន MoneyGram ប្រចាំតំបន់ឥណ្ឌូចិន ម៉ាឡេស៊ី និង ប្រ៊ុយណេ បានមានប្រសាសន៍ថា កិច្ចសហការជាដៃគូជាមួយធនាគារឯកទេសវីង គឺជាជំហានមួយទៀតសម្រាប់ MoneyGram ដើម្បីសម្រេចបាននូវបេសកកម្មរបស់ក្រុមហ៊ុន។
លោក Sukesh Malliah បានបន្តថា “នេះគឺជាគោលបំណងរបស់ MoneyGram ក្នុងការផ្តល់សេវាកម្មផ្ទេរប្រាក់ ដែលប្រកបដោយទំនុកចិត្តខ្ពស់និងងាយស្រួលដល់អតិថិជនរាប់លាននាក់របស់យើង ដែលពឹងពាក់លើសេវាកម្មរបស់យើង ដើម្បីផ្សាភ្ជាប់ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេនៅជុំវិញពិភពលោក” ។
ភាពជាដៃគូជាមួយ MoneyGram មានរយៈពេលមួយខែបន្ទាប់ពី Wing បានណែនាំសេវាកម្ម “Wing2World” ដែលជាសេវាផ្ទេរប្រាក់អន្តរជាតិដែលអាចឲ្យអតិថិជនផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ តាមរយៈសេវាកម្មខុសៗគ្នារបស់ដៃគូផ្ទេរប្រាក់ពីក្រៅប្រទេសរបស់វីង អតិថិជនរបស់ ធនាគារឯកទេសវីង អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ដើម្បីធ្វើប្រតិបត្តិការរផ្ទេរប្រាក់ទៅក្រៅប្រទេស ដូចជាប្រទេសហ្វីលីពីននិងវៀតណាមជាដើម។ អ្នកទទួលប្រាក់នៅកម្ពុជា ក៏អាចទទួលប្រាក់ពីជាង២០០ ប្រទេស តាមរយៈភ្នាក់ងារវីងឬកម្មវិធីស្មាតហ្វូនវីង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម