ផ្អែកលើផែនការថ្មី កម្ពុជា កំពុងសម្លឹងមើលឪកាសបញ្ជូនកម្មសិក្សាការីបន្ថែមទៀតទៅធ្វើការនៅប្រទេសជប៉ុន
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធាន គណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិ នៃរដ្ឋសភាជប៉ុន នាថ្ងៃទី១០ ខែមករា នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខ នឹងមានក្រុមហ៊ុនជប៉ុន បើកជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាល និង ងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី ។
លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះ គឺជាក្រុមហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវា ដែលគ្រប់គ្រងបុគ្គលិកប្រមាណ ២ម៉ឺននាក់នៅជប៉ុន ហើយដែលកំពុងត្រូវការកម្លាំងបន្ថែមទៀត ។
លោក បន្តថា ដើម្បីអនុវត្តនូវគម្រោងថ្មីនេះ រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារ កំពុងរៀបចំឲ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីអនុវត្តនូវប្រព័ន្ធថ្មី និង ច្បាប់ថ្មី របស់ភាគីជប៉ុន។ បើតាមលោករដ្ឋមន្រ្តី គិតមកដល់ពេលនេះ កម្ពុជាមានកម្មសិក្សាការីចេញទៅធ្វើការនៅជប៉ុន មានចំនួន ប្រមាណជាង ៩ពាន់នាក់ហើយ ។
សូមបញ្ជាក់ថា ជប៉ុន បានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ ដែលនឹងអនុវត្តនៅកំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកខ្វះកម្លាំងពលកម្មជំនាញ ។
ជាមួយគ្នានេះ ជប៉ុន ក៏កំពុងរៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសបញ្ជូនទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូនទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេស ទៅប្រទេសជប៉ុន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានសហការជាមួយមន្ត្រីជំនាញ នៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និង ឱកាសការងារដល់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងចំណោមដៃគូប្រទេសជប៉ុន ដែលបញ្ជូនពលករទៅធ្វើការនៅទីនោះ មានចំនួន១៥ប្រទេស ហើយ កម្ពុជាឈរនៅលេខរៀងទី៧ ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍