Connect with us

ធនាគារជាតិនៃកម្ពុជា បញ្ឈប់ប្រតិបត្តិការរបស់គ្រឹះស្ថានឥណទានជនបទ៤បន្ថែមទៀត

ភ្នំពេញ ៖ ផ្អែកតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៩ ខែមករា ធនាគារជាតិនៃកម្ពុជា បានដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់គ្រឹះស្ថានឥណទានជនបទ (ប្រតិបត្តិករឥណទានជនបទ) ចំនួន៤ ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ជុំវិញការបញ្ឈប់ប្រតិបត្តិការរបស់ឥណទានជនបទទាំងនោះទេ ។ ប្រតិបត្តិករឥណទានជនបទចំនួន៤ថ្មីនេះ រួមមានៈ១. និវត្តន៍ ហ្វាយនែន ២. សកល ហិរញ្ញវត្ថុ ៣. អង្គការរូបិយបណ្ណខ្មែរ (ខេ.អឹម) និង ៤. ស៊ីស៊ីហ្វាយនែន ។
ការបញ្ចប់ប្រតិបត្តិករនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីធនាគាជាតិដកអាជ្ញាបណ្ណពីគ្រឹះស្ថានឥណទាន និងអាជីវកម្មប្ដូរប្រាក់ចំនួន៩ កាលពីខែកញ្ញាឆ្នាំ២០១៨។ កាលពីខែកញ្ញាឆ្នាំ២០១៨ ធនាគារជាតិ បានដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ លើក្រុមហ៊ុន ឡឺរ៉ូស៊េ ហ្វាយនែនសល លីស៊ីង ភីអិលស៊ី, រួមទាំងមោឃភាពវិញ្ញាបនប័ត្ររបស់គ្រឹះស្ថានឥណទានជនបទចំនួន ៥ មានដូចជា ចំរើន ចំរើន ហ្វាយនែន ម.ក, អេច អូ អ អេស ក្រេឌីត ម.ក, មិត្តភាព ហ្វាយនែន ម.ក, ហ្វ៊ែរ ឃែភីថល ម.ក, សូពន្លឺ ហ្វាយនែន ម.ក។


ធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់បានព្រមានទៅគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ដោយមិនតម្រូវឲ្យទទួលយកអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់ឥណទាន ។ ការប្រព្រឹត្តខុស នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និង ឈានទៅដល់ការដកអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្ម។
គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅ មានធនាគារពាណិជ្ជចំនួន៣៩ ធនាគារឯកទេសចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦៩ និង គ្រឹះស្ថានឥណទានជនបទចំនួន៣១៣ កំពុងប្រតិបត្តិផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងទីផ្សារកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម