Connect with us

ក្រសួងសាធារណៈការ ប្តេជ្ញាជំរុញការផ្តល់សេវាសាធារណៈឲ្យកៀកប្រជាពលរដ្ឋ តាមរយៈ ប្រព័ន្ធ Digital

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូនខិតខំបន្ថែមទៀត ក្នុងការបង្ខិតសេវាកម្មគ្រប់ប្រភេទទៅកាន់តែកៀកប្រជាពលរដ្ឋ តាមរយៈការដាក់ឲ្យប្រើប្រាស់នូវសេវា Digital បន្ទាប់ពីក្រសួងនេះ បានអភិវឌ្ឍន៍រួចមកហើយនូវប្រភេទសេវាកម្មមួយចំនួន ដូចជាការចុះបញ្ជីយានយន្តជាដើម ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងបរិបទសេដ្ឋកិច្ច Digital និង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចDigital វាជារឿងចាំបាច់ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនត្រូវខិតខំបន្ថែមទៀត បង្ខិតសេវាផ្សេងៗរបស់ក្រសួង ឲ្យទៅកៀកប្រជាពលរដ្ឋ ហើយមធ្យោបាយដែលមានប្រសិទ្ធភាពបំផុត គឺការផ្តល់សេវាកម្មDigital នេះតែម្តង។


គួររំលឹកថា កន្លងមកក្រសួងសាធារណៈ និងដឹកជញ្ជូន បានបង្កើតឲ្យមានការផ្តល់សេវា តាម រយៈបច្ចេកវិទ្យា មានដូចជា ការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ការដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែទាំផ្លូវ ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញពីផែនការអភិវឌ្ឍន៍ប្រព័ន្ធផ្តល់សេវា Digital នេះ ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីរៀបចំប្រព័ន្ធផ្តល់សេវាដល់អ្នកប្រកបអាជីវកម្ម និង ប្រជាពលរដ្ឋឲ្យបានរហ័ស ។
លោក ទេសរដ្ឋមន្ត្រី បានលើកឡើងអំពីផែនការសំខាន់ៗសម្រាប់ឆ្នាំ២០១៩នេះ ដែលក្នុងនោះរួមមាន ៖ សេចក្ដីព្រាងអនុក្រឹត្យស្តីពីស្លាកលេខពិសេសរថយន្ត សំដៅប្រមូលថវិកាជូនរដ្ឋ ផ្តល់ជម្រើសងាយស្រួលដល់ម្ចាស់កម្មសិទ្ធិយានយន្ត និងពង្រឹងការគ្រប់គ្រងយានយន្ត, គម្រោងកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឱ្យបាន៥០%ត្រឹមឆ្នាំ២០២០ និងការបង្កើតក្រុមការងារត្រួតពិ និត្យរថយន្តដឹកជញ្ជូនទំនិញតាមគោលដៅកំពង់ផែស្វយ័ត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម