Connect with us

ពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ី នឹងរៀបចំឡើងជាផ្លូវការ នៅទីលានជល់ដំរី ខេត្តសៀមរាប

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ការប្រារព្ឋពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នឹងធ្វើនៅទីលានជល់ដំរី ខណៈក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នឹងចាប់ផ្ដើមរៀបចំវេទិកា ព្រមទាំងតែងលម្អ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ខែមករា ។
ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពិធីនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូអន្តរជាតិនានា នៅទីលានជល់ដំរីផងដែរ ។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា (CPP) នឹងធ្វើម្ចាស់ផ្ទះរៀបចំសម្ពោធជាផ្លូវការនូវក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅដើមឆ្នាំ២០១៩នេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស ។
ការសម្ពោធផ្លូវការនេះ គឺ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានចូលរួមសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី ( ICAPP ) លើកទី១០ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយលើក យកប្រធានបទធំចំនួនពីរ គឺ ទី១- តួនាទីរបស់គណបក្សនយោបាយនៅក្នុងការកាត់បន្ថយភាព តានតឹងអន្តរជាតិ និង ការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម ។ ទី២- សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ីនៅក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងនយោបាយសេដ្ឋកិច្ច និងសង្គម រវាងរដ្ឋ និងរដ្ឋ ។


គួរបញ្ជាក់ដែរថា ការសម្រេចឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលក្រុមប្រឹក្សាវប្បធម៌អាស៊ី លើកនេះ គឺ បន្ទាប់ពីវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ បានប្រកាសទទួលស្គាល់ សម្តេច ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស ។ សេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា វេទិកានេះ បានគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
វេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ បានរៀបចំឡើងដោយក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដោយមានការចូលរួមពីគណបក្សនយោបាយអាស៊ី និង អឺរ៉ុប ចំនួន ២៥ ដែលមកពី ២៣ប្រទេស រួមមានកម្ពុជា ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម