Connect with us

មន្រ្តីជាន់ខ្ពស់ អះអាងថា កម្ពុជា មិនដែលចេញលិខិតឆ្លងដែនអោយលោកស្រី យីងឡាក់ នោះទេ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា កម្ពុជា មិនដែលចេញលិខិតឆ្លងដែនអោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ នោះទេ ។
ការចេញមកអះអាងនេះ បានធ្វើឡើងក្រោយកាសែតភាសាអង់គ្លេស មានមូលដ្ឋាននៅទីក្រុងហុងកុង South China Mornig Post បានចេញផ្សាយកាលពីថ្ងៃពុធថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីទី២៨ របស់ថៃ បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ដើម្បីចុះឈ្មោះជាប្រធានក្រុមហ៊ុនមួយឈ្មោះថា P.T. Corporation Company កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨ គឺមានរយៈពេលជិត ១ ឆ្នាំ ក្រោយពេលដែលលោកស្រីបានគេចពីការផ្តន្ទាទោសនៅប្រទេសថៃ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថា កម្ពុជា មិនធ្លាប់បានចេញលិខិតឆ្លងដែនសម្រាប់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ ។
លោក ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា ការចេញលិខិតឆ្លងដែន សម្រាប់ជនបរទេស គឺជាអំពើផ្ទុយនឹងច្បាប់កម្ពុជា ។ លិខិតឆ្លងដែន អាចចេញឲ្យជនបរទេសបាន ក្នុងករណីជននោះ បានទទួលសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម ដែលចែងក្នុងព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ។
លោកក៏បានថ្លែងដែរថា នៅលើពិភពលោក អ្នកណាមិនដឹងថា លោកស្រី យីងឡាក់ ជាជនជាតិថៃ ហើយជាអតីតនាយករដ្ឋមន្ត្រីថៃទៀត។ ដូចនះ តើគាត់អាចប្រើលិខិតឆ្លងដែនកម្ពុជា ទៅចុះបញ្ជីក្រុមហ៊ុន ថា ជាកម្ពុជាយ៉ាងម៉េចទៅរួច ។
គួររំលឹកថា តុលាការកំពូលថៃ កាលពីឆ្នាំ ២០១៧ បានកាត់ទោសលោកស្រី យីងឡាក់ ដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំពាក់ព័ន្ធនឹងការចាត់ចែងមិនត្រឹមត្រូវ លើគម្រោងបដិភាគស្រូវអង្ករដែលធ្វើឲ្យថៃ ខាតបង់ ទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ។ លោកស្រី យីងឡាក់ ដែលបច្ចុប្បន្នមានអាយុ ៥១ ឆ្នាំ បានគេចខ្លួន ១ខែ មុនពេលតុលាការប្រកាសសាលក្រមផ្តន្ទាទោស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម