Connect with us

ក្រសួងការងារ និង សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សហការគ្នាធ្វើអោយប្រសើរឡើងលើការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែម ពាក់ព័ន្ធវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។
តាមរយៈជំនួបនោះ លោក រដ្ឋមន្រ្តី បានឯកភាពឲ្យបង្កើតទៅជាក្រុមការងារចម្រុះមួយ ដែលមានលោកជាសហប្រធាន ជាមួយនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដើម្បីរួមគ្នាអនុវត្តទៅលើអ្វី ដែលជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការបង្កើននូវគុណភាពសិក្សា និង គុណវុឌ្ឍជាតិ ក៏ដូចជាធនធានមនុស្សក្នុងក្របខ័ណ្ឌអប់រំ និងវិជ្ជាជីវៈ ។


ជាមួយនេះ ក្រុមការងារចម្រុះ នឹងចូលរួមក្នុងការអភិវឌ្ឍវិស័យការងារ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការចម្រើនរបស់ប្រទេសជាតិ ព្រោះថាកន្លងមក រវាងគ្រឹះស្ថានឧត្តមសិក្សា និងក្រសួងការងារ មិនទាន់មានយន្តការជាមួយគ្នា ដើម្បីបង្កើនការឆ្លើយតបទៅលើការវិវឌ្ឍន៍ថ្មីៗបន្ថែមទៀតនោះទេ ។
ក្រោយជំនួបនេះ សមាគម និងក្រសួង នឹងបញ្ជូនសមាសភាពរៀងៗខ្លួន ដើម្បីបង្កើតក្រុមការងាររួម ជំរុញឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ផ្នែកធនធានមនុស្ស ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា និង គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។


លោក អ៊ិត សំហេង បានលើកឡើងថា កាលពី២០ឆ្នាំមុន ឧត្តមសិក្សាស្ថិតក្នុងស្ថានភាពមួយនៅក្មេងខ្ចីនៅឡើយ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង មានវឌ្ឍនភាពច្រើន តាំងពីការចាប់ផ្តើមបរិមាណតិចតួច រហូតដល់គុណភាព ។
ដូចនេះ គ្រឹះស្ថានឯកជននេះ បានចូលរួមវិភាគទានដ៏មានតម្លៃ គឺបានស្រូបទាញយុវជន យុវនារីដែលបានប្រឡងជាប់ចំណេះទូទៅ ចូលមកក្នុងគ្រឹះស្ថាន និង បានរួមចំណែកដោះស្រាយសង្គមដ៏ធំមួយ ដែលជាកិច្ចការរួមទាំងអស់គ្នា ។ លោក រដ្ឋមន្ត្រី បានលើកឡើងថា កម្លាំងពលកកម្មជំនាញ និងបច្ចេកទេស ភាគច្រើនចេញពីគ្រឹះស្ថានឯកជន និង បានក្លាយជាប្រភពធនធានមនុស្សដ៏សំខាន់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម