Connect with us

ក្រសួងកសិកម្ម កំពុងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ ដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ លើបញ្ហាតម្លៃ និងទីផ្សារ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដើម្បីធានាដល់កសិករអាចទទួលបានអត្ថប្រយោជន៍ទាក់ទងនឹងតម្លៃ និង ទីផ្សារ នៅពេលកសិផលរបស់ពួកគេប្រមូលបាន ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ គឺ ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរ លំហូរវិនិយោគិន និង តម្រូវការផលិតផលកសិកម្មទាំងស្រស់ និងកែច្នៃរួច កំពុងតែមានសន្ទុះកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំទាំងទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ ។ ហេតុដូច្នេះ និន្នាការនៃការអនុវត្ត “យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា” ពិតជាសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់តួអង្គពាក់ព័ន្ធសំខាន់ៗ៤ គឺ អ្នកផលិត រួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និង វិស័យសាធារណៈរបស់រដ្ឋ ។


លោក ថ្លែងថា ដោយយល់ឃើញពីអត្ថប្រយោជន៍នៃការអនុវត្តកិច្ចសន្យានេះ ក្នុងឆ្នាំ២០១៧ ក្រសួង បានជួយសម្របសម្រួលរៀបចំកិច្ចសន្យារវាងកសិករ និងក្រុមហ៊ុនបានចំនួន ៦២កិច្ចសន្យា និង ៩០កិច្ចសន្យាក្នុងឆ្នាំ២០១៨ ទៅលើប្រភេទផលិតផលស្រូវសរីរាង្គ ស្រូវចំណី ដំឡូងមី ស្វាយ អំពៅស្ករ និង ផលិតផលសត្វនៅទូទាំងប្រទេស។
ក្រៅពីនេះ ក្រសួង ក៏បានជួយរៀបចំចងក្រងសហគមន៍កសិកម្ម បានចំនួន ៨៨០សហគមន៍, សហគមន៍ព្រៃឈើចំនួន ៦១៣ និង សហគមន៍នេសាទចំនួន ៥១៦សហគមន៍ ក្នុងនោះមានសហគមន៍មួយចំនួន កំពុងក្លាយទៅជាសហគមន៍គំរូ និង កសិធុរកិច្ច, សហគមន៍អេកូទេសចរ ណ៍ធម្មជាតិ និង ខ្លះទៀតកំពុងត្រួវបានជំរុញ និង លើកទឹកចិត្តឲ្យធ្វើកសិកម្មចម្រុះ ទៅតាមស្ថានភាពជាក់ស្តែង កាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលធនធានធម្មជាតិដើម្បីជីវភាពប្រចាំថ្ងៃ ។
ទោះបីជាយ៉ាងណា ការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា នៅមានបញ្ហាប្រឈមមួយចំនួនដូចជាការយល់ដឹងរបស់កសិករ និង ភាគីពាក់ព័ន្ធនៅមានកម្រិត ហើយការអនុវត្តអនុក្រឹត្យនេះរបស់មន្ត្រីជំនាញ នៅមិនទាន់បានពេញលេញ និងការគាំទ្រពីអង្គភាពពាក់ព័ន្ធក៏នៅមានកម្រិតផងដែរ ។ ទន្ទឹមនេះ សហគមន៍កសិកម្មនៅខ្វះទុន ឥណទានមានការប្រាក់ខ្ពស់ ការសហការពីវិស័យឯកជន និងអ្នកផលិត នៅមានភាពខ្វះខាត ធ្វើឱ្យភាគីទាំងពីរ បាត់បង់នូវជំនឿទុកចិត្ត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម